FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលស្លាប់ដោយសារលង់ទឹក

14-10-2026 14:49

(បាត់ដំបង)៖ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានចាត់តំណាងក្រុមការងារអនុសាខាដឹកនាំដោយលោកស្រី សួង ស៊ីណា អនុប្រធានអនុសាខាស្រុក ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកសម្ភារគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមារា និងកុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក។

កុមាររងគ្រោះទាំង ២នាក់ រួមមាន៖ កុមារី ណាង ស្រីណាត អាយុ ៧ឆ្នាំ (បង) និងកុមារា ណាង វិឆាត អាយុ ៥ឆ្នាំ (ប្អូន) ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកស្រី សួង ស៊ីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាឡៃបំផុតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារនៃសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់ក្នុងព្រឹត្តិការណ៍ដ៏សោកសៅនេះ។

ដើម្បីជួយសម្រាលទុក្ខលំបាក និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ បានឧបត្ថម្ភសម្ភារ និងថវិការួមមាន៖ អង្ករ ៤០ គីឡូក្រាម (២ការ៉ុង), មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកបរិសុទ្ធ ២កេស និងថវិកាចំនួន ៤០០,០០០ រៀលផងដែរ។

ក្រុមការងារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ដោយមិនត្រូវបណ្តោយឱ្យលេងទឹក ឬនៅជិតប្រភពទឹកដោយគ្មានការមើលថែទាំពីមនុស្សធំឡើយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់សោកនាដកម្មដែលកើតឡើងជាយថាហេតុដូចនេះ។ ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល គឺជាកត្តាចម្បងក្នុងការការពារអាយុជីវិតកុមារពីគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់លង់ទឹក៕