FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តបាញ់ថ្នាំសម្លាប់មូស បង្ការជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ

14-10-2026 14:44

(ព្រះវិហារ)៖ ក្រុមការងារជំងឺគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយមណ្ឌលសុខភាពស្អាង និងអ្នកស្ម័គ្រចិត្តភូមិស្អាង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានបន្តចុះបាញ់ថ្នាំសម្លាប់មូសនៅតាមលំនៅឋាន ប្រជាពលរដ្ឋសរុបចំនួន ៥១១ខ្នងផ្ទះ ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមក្នុងសហគមន៍ ប្រកបដោយប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា ការចុះបាញ់ថ្នាំសម្លាប់មូស រួមជាមួយការចូលរួមរបស់សហគមន៍ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម ជាពិសេសតាមរយៈការកាត់បន្ថយចំនួនមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។ លោកបានសង្កត់ធ្ងន់ថា ការបង្ការជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី មិនត្រឹមតែការបាញ់ថ្នាំសម្លាប់មូសប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការកម្ចាត់ជម្រកមូស និងការថែរក្សាអនាម័យបរិស្ថានជាប្រចាំផងដែរ។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារជំងឺគ្រុនឈាមឱ្យបានជាប្រចាំ ដោយត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់ប្រភពទឹកដក់ និងគ្រប់គ្រងធុងឬពាងស្តុកទឹកឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមូសមានកន្លែងពងកូន។ លើសពីនេះត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបង្ហាញពីជំងឺគ្រុនឈាម។

សូមបញ្ជាក់ថា សកម្មភាពចុះបាញ់ថ្នាំសម្លាប់មូសខាងលើនេះ ទទួលបានការគាំទ្រពីអង្គការ CRS ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងការពារប្រជាពលរដ្ឋពីជំងឺគ្រុនឈាមក្នុងមូលដ្ឋាន៕