១ថ្ងៃក្រោយ បុណ្យភ្ជុំបិណ្ឌមានកុមារ ៥ ៥៩៣នាក់ ចូលពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា (Video inside)
14-10-2026 14:23
(ភ្នំពេញ)៖ មួយថ្ងៃបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺនៅថ្ងៃអង្គារ ទី១៣ ខែតុលា ឈានចូលព្រឹកព្រលឹមថ្ងៃទី១៤ តុលា ឆ្នាំ២០២៦ មន្ទីរពេទ្យគន្ធបុប្ផា បានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនយ៉ាងសកម្ម ដោយបានពិនិត្យ និងព្យាបាលកុមាររាប់ពាន់នាក់។
ក្នុងរយៈពេលមួយថ្ងៃនេះ កុមារចំនួន ៥ ៥៩៣នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ខណៈកុមារមានជំងឺធ្ងន់ចំនួន ៩៧១នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី១៣ ខែតុលា មានកុមារចំនួន ៣.៧២២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនេះ ស្ត្រីមានផ្ទៃពោះចំនួន ៨៥នាក់ ក៏បានសម្រាលកូនដោយជោគជ័យនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយថ្ងៃម្សិលមិញនេះផងដែរ។ រាល់ការព្យាបាលទាំងអស់នេះ គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងឡើយ ដែលឆ្លុះបញ្ចាំងពីគោលការណ៍មនុស្សធម៌ដ៏ខ្ពង់ខ្ពស់របស់មន្ទីរពេទ្យ។
ភាពជោគជ័យ និងការបន្តដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺមិនអាចកាត់ផ្តាច់បានពីការលះបង់ដ៏ធំធេងរបស់បុគ្គលិកកម្ពុជាទាំង ២.៨០០នាក់ ដែលបានបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។
ក្នុងឱកាសនេះ មន្ទីរពេទ្យក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងសប្បុរសជនគ្រប់រូប ដែលបាន និងតែងតែបន្តគាំទ្រដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាបាននូវសុខភាព និងអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា៕






