FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរបរិស្ថានខេត្តព្រះវិហារ បដិសេធព័ត៌មានមិនពិត និងបំភ្លឺករណីបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់

14-10-2026 12:21

(ព្រះវិហារ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញសេចក្តីបំភ្លឺជាសាធារណៈ ដោយបដិសេធទាំងស្រុងនូវព័ត៌មានមិនពិត ដែលបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកឈ្មោះ Srey Roth ពាក់ព័ន្ធនឹងករណីបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ការបំភ្លឺនេះធ្វើឡើងដើម្បីជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបពីការពិត និងតម្លាភាពនៃការអនុវត្តច្បាប់របស់មន្ត្រីជំនាញ។

យោងតាមសេចក្តីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន បានចុះអនុវត្តច្បាប់ និងរកឃើញវត្ថុតាង រួមទាំងសកម្មភាពល្មើសច្បាប់ជាក់ស្តែង ដែលមិនអាចប្រកែកបាន។ ជាលទ្ធផល ក្រុមការងារបានធ្វើការដកហូតឈើប្រភេទស្ទៀងចំនួន ២,៨៥០ ម៉ែត្រគូប ដែលមានមុខកាត់ផ្សេងៗគ្នា។ វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដំរីបូត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

មន្ទីរបរិស្ថានបានបញ្ជាក់ថា មន្ត្រីជំនាញបានបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ដោយបានកសាងសំណុំរឿង និងចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពបំផុត ដោយគ្មានការរើសអើង ឬការគាបសង្កត់ណាមួយដូចការចោទប្រកាន់នោះឡើយ។ មន្ទីរបរិស្ថានយល់ឃើញថា ការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកខាងលើ គឺមានចេតនាទុច្ចរិតក្នុងគោលបំណងបំភ័ន្តសេចក្តីពិត ព្រមទាំងជាលេសការពារសកម្មភាពកាប់ឈើធ្វើអាជីវកម្មជ្រកក្រោមសិប្បកម្មកែច្នៃខុសច្បាប់ ដែលនាំឱ្យបាត់បង់ព្រៃឈើ និងធនធានជីវៈចម្រុះនានា។

ជាចុងក្រោយ មន្ទីរបរិស្ថានខេត្តព្រះវិហារ សូមអំពាវនាវដល់សាធារណជនមេត្តាកុំមានការភាន់ច្រឡំ និងឈប់ចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនោះ។ ទន្ទឹមនឹងនេះ ក៏បានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកខាងលើ បញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតនោះជាបន្ទាន់។ ក្នុងករណីនៅតែបន្ត មន្ទីរបរិស្ថាននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕