FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ

14-10-2026 12:02

(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត និងស្ត្រីជាម្តាយបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានដំរីព្រៃមួយហ្វូងប្រមាណ ៥ទៅ ៦ក្បាល វាយកម្ទេចរោងស្នាក់នៅបណ្តោះអាសន្ន និងជាន់ កាលពីវេលាម៉ោងប្រមាណ៨៖១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិសាស្ត្រឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះថា មុនពេលកើតហេតុ ជនរងគ្រោះរួមទាំងក្រុមគ្រួសារ និងអ្នកភូមិដែលទៅជាមួយគ្នា សរុបចំនួន ៥នាក់ បានទៅបោះបង្គោល និងប្រក់កៅស៊ូធ្វើជារោងបណ្តោះអាសន្ន ដើម្បីដាក់ប៉ោងរកត្រី។ ខណៈពួកគេកំពុងសម្រាកនៅក្រោមរោង ស្រាប់តែដំរីព្រៃមួយហ្វូង ចូលមកវាយកម្ទេចរោង និងជាន់មនុស្ស បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់។

លោកអភិបាលស្រុក បានថ្លែងបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ មុំ សុខហេង ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ កុមាររូបនេះបានស្លាប់នៅតាមផ្លូវ ខណៈក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ធិន ជិត ភេទស្រី អាយុ ៤៩ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពតាកឹង មុនបញ្ជូនបន្តទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ មុត មូល ភេទប្រុស អាយុ ៤០ឆ្នាំ ដែលបានទៅរកត្រី និងសម្រាកនៅជាមួយក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨៖១៥នាទីយប់ ខណៈពួកគាត់កំពុងដេកលក់ ស្រាប់តែឮសំឡេងដំរីព្រៃប្រមាណ ៥ទៅ ៦ក្បាលចូលមកវាយដំបូលកៅស៊ូដែលពួកគាត់ប្រើប្រាស់ជាជម្រកស្នាក់នៅ។

សាក្សីរូបនេះបានបន្តថា បន្ទាប់មក គាត់បានឮសំឡេងស្ត្រីឈ្មោះ ធិន ជិត ស្រែកឱ្យជួយ ពេលក្រោកឡើងមើលគាត់បានឃើញស្ត្រីរូបនេះ និងកូនប្រុសរបស់គាត់រងរបួសធ្ងន់ ខណៈរូបគាត់ កូនរបស់គាត់ និងប្តីរបស់ស្ត្រីរងគ្រោះ មិនបានរងរបួសនោះទេ។

ហេតុការណ៍នេះជាការរំឭកដល់ប្រជាពលរដ្ឋដែលចេញទៅរកត្រី ឬស្នាក់នៅតាមតំបន់ព្រៃ និងតំបន់ដែលអាចមានវត្តមានសត្វដំរីព្រៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕