អភិបាលក្រុងគីមផូ គាំទ្រការជំរុញក្រុមហ៊ុនកូរ៉េប្រមាណ៨ពាន់ក្រុមហ៊ុន ពង្រីកសក្តានុពលអាជីវកម្មនៅកម្ពុជា
14-10-2026 10:34
(កូរ៉េ)៖ លោក Lee Ki-hyung អភិបាលក្រុងគីមផូ នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា ព្រមទាំងបង្ហាញបំណងចង់ឱ្យក្រុមហ៊ុន និងសហគ្រាសផលិតកម្មប្រមាណ៨ពាន់ក្រុមហ៊ុន នៅក្នុងក្រុងគីមផូ អាចពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយលោក Lee Ki-hyung អភិបាលក្រុងគីមផូ នៅសាលាក្រុងគីមផូ ខេត្តខ្យង់គីដូ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ជាពិសេសការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរប្រមាណ ២ពាន់នាក់ ដែលកំពុងរស់នៅ និងបម្រើការងារក្នុងតំបន់គីមផូ។
លោកអភិបាលក្រុងគីមផូ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការក្នុងតំបន់នេះ ដោយចាត់ទុកថា ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ បានលើកឡើងថា ឆ្នាំ២០២៧ ខាងមុខ គឺជាឆ្នាំដ៏ពិសេសដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា ស្ថានទូតកម្ពុជា និងរដ្ឋបាលក្រុងគីមផូ អាចសហការរៀបចំព្រឹត្តិការណ៍ពិសេសរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានអញ្ជើញលោកអភិបាលក្រុងគីមផូ ដឹកនាំគណៈប្រតិភូក្រុមហ៊ុន និងសហគ្រាសកូរ៉េ មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរៀបចំវេទិកាធុរកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗជាមួយធុរជនកម្ពុជា។
ជាការឆ្លើយតប លោក Lee Ki-hyung បានសម្តែងការគាំទ្រចំពោះសំណើរបស់លោកឯកអគ្គរាជទូត ដោយបញ្ជាក់ថា ក្រុងគីមផូ មានក្រុមហ៊ុន និងសហគ្រាសផលិតកម្មប្រមាណ ៨ពាន់ក្រុមហ៊ុន ហើយលោកក៏មានបំណងជំរុញឱ្យក្រុមហ៊ុនទាំងនេះស្វែងរកឱកាសពង្រីកអាជីវកម្ម និងសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាផងដែរ៕





