អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ព្រមទាំងបានជម្លៀសអ្នកជំងឺ ១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព
14-10-2026 07:46
(ពោធិ៍សាត់)៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឥទ្ធិពលប្រព័ន្ធសម្ពាធទាបពី ព្យុះទី២៨ (Nolo) និងព្យុះទី២៩ (Koguma) បានបង្កឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ៤ថ្ងៃ រហូតបង្កើតជាជំនន់ទឹកភ្លៀងប៉ះពាល់ដល់ស្រុកក្រគរ និងស្រុកបាកាន។
បើតាម លោក គិត ផល អនុប្រធានក្តាប់រួម មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃស្ថានភាពបឋមឃើញថា៖
*ស្រុកក្រគរ៖ ទឹកជំនន់បានហូរចូលក្រោមផ្ទះប្រជាពលរដ្ឋ ៣៤១ខ្នង (ក្នុង១០ភូមិ នៃ៦ឃុំ) ព្រមទាំងហូរកាត់ផ្លូវ និងប្រឡាយមួយចំនួន ប៉ុន្តែស្ថានភាពទូទៅស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង។
*ស្រុកបាកាន៖ ទឹកបានលិចលង់ស្រែស្រូវ ៩១គ្រួសារ លើផ្ទៃដីជាង៤០៥ហិកតា ក្នុងឃុំស្វាយដូនកែវ (០៧ភូមិ) ទោះជាយ៉ាងណា ដំណាំស្រូវមិនទាន់រងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។
ដោយឡែក នាវេលាម៉ោង ១០:០០យប់ ថ្ងៃដដែល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ ជម្លៀសអ្នកជំងឺ ១៥២នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលកំពុងរងការជន់លិច ទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន នៅសាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។
លោកអភិបាលខេត្ត បានស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ មើលថែទាំកុមារ និងមនុស្សចាស់ ប្រយ័ត្នសត្វអាសិរពិស និងប្រកាន់ខ្ជាប់អនាម័យ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីបង្ការជំងឺឆ្លង។ ក្នុងករណីមានអាសន្ន សូមរាយការណ៍ជូនអាជ្ញាធរ ឬក្រុមគ្រូពេទ្យជាបន្ទាន់៕


































