FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ

14-10-2026 00:16

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការ ដើម្បីទប់ស្កាត់ការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីជំងឺផ្តាសាយ ជាពិសេសចំពោះក្រុមមនុស្សងាយរងគ្រោះដូចជា កុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។ ជំងឺផ្តាសាយអាចឆ្លងរាលដាលយ៉ាងងាយស្រួលតាមរយៈដំណក់ទឹកតូចៗពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគ។

ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន។ ទីមួយ ត្រូវប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ។ ទីពីរ រក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់និងច្រមុះ ពាក់ម៉ាស ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះពាសវាលពាសកាលឡើយ។

ក្រសួងក៏បានសង្កត់ធ្ងន់លើការរក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ និងពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើម។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ ទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណីអាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ។ ក្រុមមនុស្សងាយរងគ្រោះក៏គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ។

ក្នុងករណីមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ។ ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងសហគមន៍ទាំងមូល។