សប្ដាហ៍ក្រោយ! ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍រត់កម្សាន្តអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង
13-10-2026 21:31
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ «ព្រឹត្តិការណ៍កីឡារត់កម្សាន្តអបអរសាទរមិត្តភាពកម្ពុជា-ឡាវ» នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៦៖០០នាទីព្រឹក នៅរង្វង់មូលព្រះភិរុណ ខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឡាវ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះបើកឱ្យភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅចូលរួមដោយឥតគិតថ្លៃ ខណៈការចុះឈ្មោះចូលរួមត្រូវធ្វើឡើងតាមរយៈ QR Code ដែលក្រសួងបានផ្តល់ជូន ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា អ្នកដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ នឹងទទួលបានអាវយឺត ទឹក ភេសជ្ជៈ និងអាហារសម្រន់ដោយឥតគិតថ្លៃ។ ជាពិសេស អ្នករត់ដែលមកដល់ទីបញ្ចប់មុនគេចំនួន១០០នាក់ដំបូង នឹងទទួលបានមេដាយអនុស្សាវរីយ៍ផងដែរ។
សម្រាប់អ្នកដែលបានចុះឈ្មោះរួចរាល់ អាចមកទទួលអាវយឺតនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅមណ្ឌលព័ត៌មានទេសចរណ៍ (សួនច្បារសេកុង) ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមចុះឈ្មោះក្នុងព្រឹត្តិការណ៍កីឡារត់កម្សាន្តអបអរសាទរមិត្តភាពកម្ពុជា-ឡាវ ឱ្យបានច្រើនកុះករ ដើម្បីចូលរួមអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕




