សម្តេចមហាបវរធិបតី ជួបរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ជជែកពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
13-10-2026 21:24
(អាស៊ែបៃហ្សង់)៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅអាស៊ែបៃហ្សង់ មិនត្រឹមពង្រឹងលើ ពាណិជ្ជកម្ម ការវិនិយោគ និងការទូតប៉ុណ្ណោះ តែក៏បានជជែកលើការកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ។
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ បានសម្តែងក្តីរីករាយដែលជួបសម្តេចមហាបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅ អាស៊ែបៃហ្សង់ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧។
សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។
សម្ដេចធិបតី និងលោករដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាជាដើម៕










