អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
13-10-2026 21:10
(ទីក្រុងបាគូ)៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោក យូស៊ីហ្វ អាប់ឌុលឡាយេវ (Yusif Abdullayev) នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញវិនិយោគ និងការនាំចេញសាធារណរដ្ឋអាស៊ែបៃហ្សង់ (AZPROMO)។
ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់។ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកលំហូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
កិច្ចពិភាក្សានេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីទាញយកសក្តានុពលដែលមានស្រាប់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការរីកចម្រើនរួមគ្នា។ តាមរយៈជំនួបនេះ គេរំពឹងថានឹងមានការបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អាស៊ែបៃហ្សង់នាពេលអនាគត៕
