លោកបណ្ឌិត កៅ ថាច អំពាវនាវដល់កសិករឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជ្រើសរើសដំណាំសមស្រប
13-10-2026 20:05
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអំពាវនាវដល់បងប្អូនប្រជាកសិករទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃជាអតិបរមា។ ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានកង្វះខាតទឹកសម្រាប់វិស័យកសិកម្ម។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តកសិករទាំងអស់ពិចារណា និងជ្រើសរើសពូជដំណាំណាដែលត្រូវការប្រើប្រាស់ទឹកតិចជាងមុន ដើម្បីធានានូវនិរន្តរភាពនៃការដាំដុះ និងកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំដោយសារកង្វះទឹក។ ក្រៅពីការសន្សំសំចៃទឹក លោកបានណែនាំឱ្យកសិករគិតគូរពីលទ្ធភាពទីផ្សារនៃដំណាំដែលបានដាំដុះផងដែរ ដើម្បីធានាថាផលិតផលរបស់ពួកគាត់អាចលក់ដាច់ និងទទួលបានប្រាក់ចំណេញសមរម្យ។
ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច មិនត្រឹមតែជួយកសិករឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។
យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ(El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងធនធានទឹកព្យាករថា បាតុភូតនេះនឹងនាំមកនូវទឹកភ្លៀងក្នុងបរិមាណតិច និងបានបានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ៕





