ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយជាសម្ភារ ថវិកា ជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ
13-10-2026 19:26
(ព្រះវិហារ)៖ ដោយមានទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែក ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសអានសេះ ខេត្តព្រះវិហារ ដើម្បីសម្ដែងនូវការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ព ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។
សកម្មភាពសប្បុរសធម៌នេះដឹកនាំដោយលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៍មានខេត្តព្រះវិហារ និងព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះចៅអធិការវត្តសុវណ្ណគីរី ហៅវត្តឆែប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។
សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំពោះវីរកងទ័ពជួរមុខ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។ ការនាំយកអំណោយទាំងនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ហើយខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោក ឃិត សុធារ៉ា និងព្រះគ្រូរដ្ឋានុរ័ក្ខ កោសល មឿន សុនិមិត្ត និងពុទ្ធបរិស័ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានខិតខំប្រឹងប្រែងជម្នះពុះពារគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ព្រមទាំងបានជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជាបង្អែកដ៏កក់ក្តៅ និងជាសសរស្តម្ភការពារសន្តិភាពជូនជាតិមាតុភូមិកម្ពុជាជានិច្ចនិរន្តរ៍។
ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិសឹករងព្រះវិហារ ក៏បានថ្លែងអំណរព្រះគុណនឹងអរគុណព្រមទាំងបង្ហាញពីការសប្បាយរីករាយដែលបានឃើញនូវទឹកព្រះទ័យ និងទឹកចិត្ដជ្រះថ្លា របស់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ដែលជាសមរភូមិក្រោយបានចំណាយពេលវេលា ដ៏មានតម្លៃនាំយកអំណោយដែលជាទឹកចិត្តមកប្រគល់ជូនដល់វីរៈកងទ័ពរបស់យើងនាពេលនេះដែលបានបង្ហាញអោយឃើញពីការចូលរួមគាំទ្រដល់វីរៈយុទ្ធជនជួរមុខដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនយ៉ាងអង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីរបស់យើង។
សូមបញ្ជាក់ថាអំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ បានមកពីបណ្តាវត្តមួយចំនួនស្ថិតក្នុងស្រុកឆែប និងសប្បុរសជនជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត។សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្ត និងបង្ហាញពីការរួបរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងកងកម្លាំង ក្នុងស្មារតីស្រឡាញ់ជាតិ និងរួមគ្នាការពារមាតុភូមិកម្ពុជារបស់យើង៕


























