សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
13-10-2026 19:09
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រយៈពេល៤ថ្ងៃហើយ ដែលមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនោះឡើយ។ នេះបើតាមសាររបស់សម្ដេចនាយករដ្ឋមន្រ្តី តាមរយៈបណ្ដាញសង្គម និង Channel CoolApp ផ្លូវការរបស់សម្តេច នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
សាររបស់សម្ដេចមានខ្លឹមសារទាំងស្រុងបែបនេះថា៖ «មកដល់ពេលនេះគឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធ នឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅយកឈ្មោះអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថាមន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែកឬមិនមានឯកសារមកជជែកផង តើរំពឹងថាគាត់អាចធ្វើលើព្រំដែនទាំងមូលទេ។
នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២ និង ៥៩។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារអញ្ចើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់៕
