FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល កោតសរសើរមណ្ឌលសុខភាពទន្លេបាទីដែលទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ

13-10-2026 18:56

(តាកែវ)៖ ក្រោយការចុះពិនិត្យដោយមិនជូនដំណឹងជាមុន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឃើញនូវលទ្ធផលគួររីករាយ ព្រោះការបម្រើសេវាសុខាភិបាលជូនប្រជាជនបានយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលនេះជាគុណតម្លៃដែលមិនអាចវាស់បានត្រឹមតួលេខ។

ជាពិសេសកំឡុងដែលប្រជាជនយើង ជួបជុំបងប្អូនក្នុងឳកាសបុណ្យភ្ជុំ ក្រុមគ្រូពេទ្យនៅតែប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដោយញញឹម និងរួសរាយ ចាំបម្រើសេវាសុខាភិបាលបានយ៉ាងល្អ ស្របពេលពលរដ្ឋមកទទួលសេវាមានចំនួនច្រើន។

នាឳកាសនោះលោកសាស្ត្រាចារ្យបានគូសបញ្ជាក់ឲ្យដឹងថា៖

១៖ ការបម្រើប្រជាពលរដ្ឋ៖ មានអ្នកមកពិគ្រោះជំងឺប្រមាណ ៥០នាក់ក្នុងមួយថ្ងៃ ជាមួយនឹងការពេញចិត្ត និងជំនឿទុកចិត្តលើសេវា។

២៖ គុណភាពការងារ៖ ការចាក់វ៉ាក់សាំងបានតាមផែនការ ការតាមដាន ការណាត់ជួប និងការបំពេញឯកសារ អនុវត្តបានល្អត្រឹមត្រូវ។

៣៖ បរិស្ថាន និងឱសថ៖ មានអនាម័យស្អាតល្អ ឱសថគ្រប់គ្រាន់ និងរៀបចំមានសណ្តាប់ធ្នាប់។

៤៖ បេះដូងអ្នកបម្រើ៖ ប្រធាន និងបុគ្គលិកមានទឹកមុខរួសរាយរាក់ទាក់ សុជីវធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។ នេះជាគុណតម្លៃដែលមិនអាចវាស់បានត្រឹមតួលេខ។

៥៖ ការយកចិត្តទុកដាក់បន្ថែម៖ ត្រូវពង្រឹងការប្រចាំការ ដោយមិនទុកបុគ្គលិកស្ម័គ្រចិត្តប្រចាំការជំនួសឡើយ ជាពិសេសថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក ព្រោះជំងឺ និងប្រជាពលរដ្ឋត្រូវការសេវាគ្រប់ពេល។

៦៖ មហិច្ឆតាដើម្បីប្រជាពលរដ្ឋ៖ ប្រធាន និងបុគ្គលិកប្តេជ្ញាបង្កើនលទ្ធភាពបម្រើសេវាពិគ្រោះជំងឺប្រចាំថ្ងៃឲ្យលើសពី៥០-៦០នាក់ក្នុងមួយថ្ងៃ ដោយរក្សាគុណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅឃុំជុំវិញ និងតំបន់រោងចក្រ។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីិ បានណែនាំដល់បុគ្គលិកថា «ធ្វើបានល្អ គួរឱ្យកោតសរសើរ ហើយសូមបន្តធ្វើឱ្យកាន់តែល្អ គឺជាការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ»៕