កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀននៅខុនដូរ Sky Tree ក្នុងខណ្ឌឬស្សីកែវ ចាប់ខ្លួនជនល្មើស៥នាក់ ដកហូតថ្នាំញៀន និងសម្ភារមួយចំនួន
13-10-2026 18:53
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅអគារខុនដូរ Sky Tree ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដោយចាប់ខ្លួនជនល្មើស៥នាក់។
របាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយមានពលរដ្ឋរាយការណ៍ពីករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងទទួលផែនគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបភ្លាមៗតែម្តងនៅបន្ទប់លេខ០៧ ជាន់ទី១០ អគារខុនដូរ Sky Tree សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យទាំង៥នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀន, ប្រេីប្រាស់គ្រឿងញៀន និងសម្រួលទីតាំងក្នុងការប្រេីប្រាស់។
ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាល បានដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖
1-ម្សៅម៉ដ្ឋពណ៌ស ចំនួន០៦កញ្ចប់
2-បារីអេឡិចត្រូនិច ចំនួន០៣ដើម
3-ទូរស័ព្ទដៃ ចំនួន០៩គ្រឿង
4-IPad ចំនួន០១គ្រឿង
5-កុំព្យូទ័រ ចំនួន០២គ្រឿង
6-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សម្រាប់ជនសង្ស័យ៥នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្តចាត់វិធានការរតាមច្បាប់៕


