FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសចម្រើនជន្មាយុ

13-10-2026 17:28

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

តាមរយៈសារលិខិតជូនពរ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្នាដៃដ៏ឆ្នើម និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាមន្ត្រី គុយ សុផល ដែលបានដឹកនាំក្រសួងព្រះបរមរាជវាំងប្រកបដោយមនសិការជាតិ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនជូន ជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចរដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ថា សម្តេចមហាមន្ត្រី គុយ សុផល តែងតែបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ជាពិសេស សម្តេចមហាមន្ត្រី តែងតែបានថ្វាយនូវកិច្ចបម្រើដ៏ស្មោះត្រង់បំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រកបដោយភក្តីភាពយ៉ាងមុតមាំចំពោះរាជបល្ល័ង្ក។

ជាចុងក្រោយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕