រដ្ឋមន្ត្រីសុខាភិបាល៖ កុំឈប់ត្រឹមការធ្វើបានបង្គួរ ត្រូវខិតខំធ្វើឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងកាន់តែប្រសើរឡើងជានិច្ច
13-10-2026 17:12
(តាកែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរម្លឹកថា សូមកុំឈប់ត្រឹមការធ្វើបានបង្គួរ ត្រូវខិតខំធ្វើឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងកាន់តែប្រសើរឡើងជានិច្ច។
ការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកសាស្ត្រាចារ្យបានចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ ដោយមិនផ្តល់ដំណឹងជាមុន ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង ពិសេសការឆ្លើយតបរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ឆ្លៀតឱកាសក្នុងនោះលោកគូសបញ្ជាក់ចំនួន ៥ចំណុចថា៖
១៖ ការទទួលស្វាគមន៍ប្រជាជនដោយភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់។
២)៖ ការកត់ត្រា គ្រប់គ្រងព័ត៌មាន និងតាមដានសុខភាពប្រជាជនឱ្យបានម៉ត់ចត់។
៣៖ ការណាត់ជួប និងតាមដានអ្នកជំងឺឱ្យបានទៀងទាត់ និងបន្តការថែទាំដោយមិនដាច់ចន្លោះ។
៤៖ ការស្គាល់ច្បាស់ពីប្រជាជនក្នុងមូលដ្ឋាន ជាពិសេសកុមារដែលមិនទាន់បានចាក់វ៉ាក់សាំង ឬចាក់មិនទាន់គ្រប់ដូស និងការចុះស្វែងរកអ្នកដែលនៅមិនទាន់ទទួលបានសេវា។
៥៖ ការពង្រឹងវិន័យការងារ ស្មារតីទទួលខុសត្រូវ និងការវាយតម្លៃលទ្ធផល ដើម្បីកែលម្អជាប្រចាំ។
ចំណុចសំខាន់បំផុត គឺលើកទឹកចិត្តឱ្យបងប្អូនខិតខំអនុវត្តការកែលម្អតាមទម្រង់ការងារតាមនិយាម។ ការកែទម្រង់ត្រូវមានខ្លឹមសារពិតប្រាកដ មានការផ្លាស់ប្តូរជាក់ស្តែង និងមានលទ្ធផលដែលប្រជាជនអាចទទួលបាន និងមានទំនុកចិត្ត ដោយប្រកាន់ជំហរ៖ «កុំឈប់ត្រឹមការធ្វើបានបង្គួរ ត្រូវខិតខំធ្វើឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងកាន់តែប្រសើរឡើងជានិច្ច»។
លោកសាស្ត្រាចារ្យបានថ្លែងបន្តថា ព្រោះជោគជ័យនៃមណ្ឌលសុខភាព មិនមែនវាស់ត្រឹមអគារ ឬរបាយការណ៍នោះទេ ប៉ុន្តែវាស់ដោយគុណភាពសេវា ការទទួលខុសត្រូវ និងទំនុកចិត្តរបស់ប្រជាជន។
ការកែទម្រង់ពិតប្រាកដ គឺការផ្លាស់ប្តូរពី «ធ្វើឱ្យបាន» ទៅជា «ធ្វើឱ្យត្រូវ ធ្វើឱ្យល្អ និងធ្វើឱ្យមានប្រសិទ្ធភាព»៕ នេះជាការបញ្ជាក់បន្ថែមរបស់លោក៕
















