រដ្ឋបាលខេត្តកំពង់ធំ ប្រកាសរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ ឱ្យបានមហោឡារិក រយៈពេល ២ថ្ងៃ នៅតាមបណ្ដោយសួនមាត់ស្ទឹងសែន
13-10-2026 17:06
(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឱ្យបានយ៉ាងមហោឡារិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ, ពិធីដ៏សប្បាយរីករាយនេះរបស់រដ្ឋបាលខេត្តកំពង់ធំនេះ នឹងប្រព្រឹត្តទៅចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយសួនមាត់ស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ការរៀបចំពិធីប្រណាំងទូកនេះ មានគោលបំណងបង្កលក្ខណៈជូនប្រជាពលរដ្ឋ និងសាធារណជនបានកម្សាន្តសប្បាយរីករាយ និងចូលរួមអបអរសាទរក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ។ ក្រៅពីការប្រណាំងទូកដ៏អធិកអធម នៅពេលរាត្រី ក៏នឹងមានពិធីបណ្ដែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច និងការប្រគុំតន្ត្រី ដើម្បីជូនទស្សនាកម្សាន្តផងដែរ ដែលនឹងធ្វើឲ្យបរិយាកាសកាន់តែអ៊ូអរ និងទាក់ទាញ។
រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ ដើម្បីជាការរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងបង្ហាញពីសាមគ្គីភាពក្នុងសង្គម។ ព្រឹត្តិការណ៍នេះនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់៕



