ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
13-10-2026 17:01
(ភ្នំពេញ)៖ ចំនួនប្រជាពលរដ្ឋដែលបានមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងរយៈពេល៥ថ្ងៃ ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មានចំនួនសរុប ១១៣,៧០៦នាក់ (បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ មានអ្នកដំណើរកើនឡើងចំនួន ២១.១៨៥នាក់ ស្មើ២៣%)។ នេះបើតាមលោកស្រី ដោ សម្ភស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដឹងនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។
លោកស្រី ក៏បានបញ្ជាក់ថា យោងតាមតួលេខនេះ បើក្នុងប្រជាពលរដ្ឋម្នាក់ ចំណាយអស់ចន្លោះពី ៦០,០០០រៀល ទៅ៨០,០០០រៀល គឺឃើញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងអាចជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១,៧លានដុល្លារ ទៅ ២,២៧លានដុល្លារអាមេរិកជាមធ្យម។
គួរកត់សម្គាល់ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាដើមនេះ មានកំណើនកើនឡើងជាលំដាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ ដើម្បីរៀបចំជូនដំណើរ ប្រជាពលរដ្ឋ កម្មករ កម្មការិនីធ្វើការនៅរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមកាេប្រើប្រាស់សេវា រថយន្តសាធារណៈរាជធានីភ្នំពេញ ដើម្បីជួបជុំបងប្អូននៅរដូវ បុណ្យភ្ជុំបិណ្ឌនេះ។
ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន។
បន្ទាប់មកទៀត នៅក្នុងនីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍របស់សម្តេចតេជោ ដោយបានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្ត ក្រុងចំនួន៦០០គ្រឿង ដើម្បីជូនដំណើរពួកគាត់ ទៅបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត។ ប៉ុន្តែឆ្នាំនេះចម្លែក ដោយឃើញបងប្អូនពលករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤នេះ មានចំនួនច្រើនជាងមុន ដោយសារគាត់បានឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតី បានផ្តល់ជូនគាត់ ក៏ដូចជាអ្នកបម្រើសេវាដឹកជញ្ជូន មានកាយវិការទន់ភ្លន់ រួសរាយរាក់ទាក់ ភាសាផ្អែមល្ហែម ក្នុងនាមជាជាតិតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ក្រោមការដឹកនាំរបស់សម្តេចធិបតី។ ភាពជិតស្និទ្ធនេះ បានធ្វើឲ្យគាត់ងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់រថយន្តក្រុង ដោយមិនគិតតថ្លៃនេះថែមទៀត៕


































