ខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
13-10-2026 16:55
(ស្ទឹងត្រែង)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ១៩,៧៥៧នាក់ ដែលបានអញ្ជើញមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានធម្មជាតិ តំបន់ទេសចរណ៍នានា និងបំពេញកិច្ចសាសនាក្នុងបណ្តាវត្តអារាមទូទាំងខេត្ត។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបង្ហាញរបាយការណ៍ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរសរុបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ មានភ្ញៀវទេសចរជាតិចំនួន១៩,៦៨៩នាក់,ភ្ញៀវទេសចរអន្តរជាតិ ចំនួន៦៨នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរសរុបមានការកើនឡើងចំនួន៩៨៧នាក់ (ស្មើនឹង៥%) ដោយក្នុងនោះ៖ ភ្ញៀវទេសចរជាតិ កើនឡើង ៩៨៤នាក់ (ស្មើនឹង ៥%), ភ្ញៀវទេសចរអន្តរជាតិ កើនឡើង ៣នាក់ (ស្មើនឹង ៥%)។
របាយការណ៍លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា កំណើននេះ បានបង្ហាញពីសន្ទុះនៃការធ្វើដំណើរកម្សាន្ត និងការចូលរួមយ៉ាងផុសផុលក្នុងពិធីបុណ្យប្រពៃណីជាតិ សាសនា ព្រមទាំងជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យសេវាកម្ម ម្ហូបអាហារ សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មពាក់ព័ន្ធនានាក្នុងខេត្តស្ទឹងត្រែង៕





















