អភិបាលស្រុកស្ទោង៖ ការឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរកងទ័ពជួរមុខ គឺជាស្មារតីសមរភូមិក្រោយដើម្បីបុព្វហេតុជាតិ
13-10-2026 16:14
(ខេត្តកំពង់ធំ)៖ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពជួរមុខ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់វីរកងទ័ពជួរមុខទិសព្រះវិហារ និងឧត្តរមានជ័យ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ការឧបត្ថម្ភគាំទ្រ សំណេះសំណាលលើកទឹកចិត្តវីរកងទ័ពជួរមុខ គឺជាស្មារតីសមរភូមិក្រោយ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
លោកសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរស្រុកស្ទោង ក្នុងនាមសមរភូមិក្រោយ គឺនៅបន្តកៀកកើយជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តគ្រប់វិនាទីដល់វីរកងទ័ព ដែលបានខិតខំពលី ដើម្បីសុខសន្តិភាព និងបូរណភាពទឹកដីដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសឱ្យបាននូវគង់វង្សស្ថិតសេ្ថរមិនឱ្យមានការរំលោភបំពានយាយីពីរសត្រូវផ្សេងៗឡើយ។
លោក សាយ គឹមឡម បានថ្លែងអំណរគុណ និងអរព្រះគុណ ជាអនេកដល់សប្បុរសជន និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ព្រមទាំងព្រះគ្រូចៅអធិការគ្រប់បណ្ដាវត្តអារាមទាំងអស់ក្នុងស្រុក ដែលតែងតែសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់រដ្ឋបាលស្រុកស្ទោង និងបានតែងតែចូលរួមរាល់សកម្មភាពដែលអាជ្ញាធរស្រុស្ទោងបានឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដូចដែលព្រះមន្ត្រីសង្ឃបាននិមន្តមកក្នុងឱកាសនេះជាទឹកតាមស្រាប់។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកស្ទោង បានតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខជាលើកទី៣ហើយ នៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យ និងទិសព្រះវិហារ ព្រមទាំងឧបត្ថម្ភ ម៉ូតូចំនួន ៣គ្រឿង និងគាំទ្រជារឿយៗថែមទៀត ដែលវីរកងទ័ពបានអញ្ជើញមកដឹកជញ្ជូនស្បៀង និងគ្រឿងឧបភោគបរិភោគសម្ភារបរិក្ខារ ថវិកា ដោយផ្ទាល់នៅសាលាស្រុកស្ទោងថែមទៀត ជាពិសេសនៅក្នុងឱកាសនេះក៏មានការឧបត្ថម្ភគាំទ្រនូវគ្រឿងសាច់ក្រក ១០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាសរុបចំនួន ៧,០០០,០០០រៀល៕




















