FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម នៅចុងខែតុលា មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ

13-10-2026 16:07

(កំពង់ចាម)៖ ព្រឹត្តិការណ៍ប្រណាំងទូកថ្នាក់ខេត្តដ៏ធំប្រចាំឆ្នាំនៅខេត្តកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រកួតប្រជែងសរុប រហូតដល់ ១០០ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅនា ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) នៅក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុបចំនួន ១០០ទូក ដោយក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) និងទូកខ្នាតអន្តរជាតិ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។

ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃការប្រកួត លោក អ៊ុន ចាន់ដា បានបន្តថា ការប្រកួតត្រូវធ្វើឡើងចំនួន ៤ជើង ដោយកាត់សេចក្តីលើលទ្ធផល ឈ្នះ-ចាញ់ សុទ្ធសាធ ដោយមិនគិតនាទីឡើយ។ ក្នុងនោះ ជើងទី១ ត្រូវចាប់ឆ្នោតជ្រើសរើសខ្សែទឹក ដោយទូកខ្នាតអន្តរជាតិប្រកួតជាមួយខ្នាតអន្តរជាតិ និងទូក «ង» ខ្នាតវែងប្រកួតជាមួយខ្នាតវែង រួចបន្តទៅជើងទី២ និងទី៣ ដែលជាការប្រកួតចម្រាញ់ខ្លាំងជួបខ្លាំង (អ្នកឈ្នះប៉ះអ្នកឈ្នះ) និងខ្សោយជួបខ្សោយ (អ្នកចាញ់ប៉ះអ្នកចាញ់) ហើយឈានទៅជើងទី៤ ដែលជាជើងប្រកួតសម្រេចដើម្បីស្វែងរកជ័យលាភីលេខ១, លេខ២ និងលេខ៣។

លោកបានបន្ថែមថា ចំពោះទូកដែលមិនទទួលបានចំណាត់ថ្នាក់ ក៏នឹងទទួលបានទង់កិត្តិយស រួមទាំងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការជូនរង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់៕