កម្លាំងនគរបាលខេត្តកំពង់ធំ បើកប្រតិបត្តិការតាមចាប់ក្រុមក្មេងទំនើង៩នាក់ ដែលគប់ដុំថ្មចំក្មេងស្រីអាយុ៨ឆ្នាំម្នាក់ នៅស្រុកកំពង់ស្វាយ
13-10-2026 16:01
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលបានគប់ដុំថ្មទៅលើក្មេងស្រី ភូ ឈីងអ៊ី អាយុ៨ឆ្នាំ នៅស្រុកកំពង់ស្វាយ កាលពីពេលកន្លងទៅថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ប្រើប្រាស់វិធានការជំនាញ រហូតឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ក្រុមក្មេងទំនើងទាំង៩នាក់ រួមមាន៖
*ទី១៖ ឈ្មោះ យួម ប៊ុនថាន ហៅធុយ ហៅតឿ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
*ទី២៖ ឈ្មោះ ថា ចន្ធា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
*ទី៣៖ ឈ្មោះ ធា សុធី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
*ទី៤៖ ឈ្មោះ ម៉ៅ វេហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
*ទី៥៖ ឈ្មោះ ហួត រីហ្វា ហៅវីដ អាយុ១៤ឆ្នាំ រស់នៅភូមិ កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
*ទី៦៖ ឈ្មោះ សន សុខហ៊ាន់ ហៅហៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ ទីពោធិ៍ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។
*ទី៧៖ ឈ្មោះ ជន ជាតិវាសនា ហៅ ជា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិលេខ១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
*ទី៨៖ ឈ្មោះ ឃឹម វី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងថ្ម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
*ទី៩៖ ឈ្មោះ ឡុង ដារ៉ា ហៅពេជ្រ ភេទប្រុស រស់នៅភូមិ កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចជំនាញ ដកហូតបាន ម៉ូតូ ៣គ្រឿង និងកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តន៍ច្បាប់។
ឧត្តមសេនីយ៍ទោ ហេង សុផល បានអំពាវនាវយុវជនទាំងអស់សូមកុំប្រព្រឹត្តទង្វើអ្វីដែលខុសពីច្បាប់ ពិសេសសូមឲ្យមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សូមជួយអប់រំណែនាំកូនៗឲ្យធ្វើអំពើល្អ មានសីលធម៌ក្នុងសង្គម ចំពោះសមត្ថកិច្ចមិនអត់ឱនឲ្យលើជនណាម្នាក់ដែលធ្វើទង្វើអសីលធម៌ឡើយ។
គួររំលឹកថា កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០៖៤៧នាទី លើដងផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតក្នុងភូមិ ឬស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនា (គប់នឹងដុំថ្ម) បង្កឡើងដោយក្មេងទំនើងចំនួន ១ក្រុម មានគ្នា ៩នាក់ ជិះម៉ូតូ ៣គ្រឿង ទៅលើជនរងគ្រោះឈ្មោះ ភូ ឈីងអ៊ី ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិបាគង ឃុំត្បែង ស្រុក កំពង់ស្វាយ៕







