ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តពោធិ៍សាត់ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ
13-10-2026 15:58
(ពោធិ៍សាត់)៖ វិស័យទេសចរណ៍នៅក្នុងទឹកដីខេត្តពោធិ៍សាត់ នៅតែបន្តបង្ហាញពីសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានសម្រេចចិត្តជ្រើសរើស យកខេត្តមួយនេះជាគោលដៅសម្រាកលំហែកាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ របស់មន្ទីរជំនាញ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងខេត្តពោធិ៍សាត់ ក្នុងរយៈពេល៣ថ្ងៃនេះ មានចំនួនសរុប ៧៥,៤៥១នាក់ ដែលក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ មានចំនួន ៧៥,៤៣៦នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១៥នាក់។
បើគិតប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២៥ ដែលកាលនោះខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៦,៥៥៦នាក់។ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរនាឆ្នាំនេះ មានការកើនឡើងក្នុងអត្រា ១៣.៣៦%។
កំណើនដ៏គាប់ប្រសើរនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពជោគជ័យ នៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការបង្កលក្ខណៈងាយស្រួលផ្សេងៗ ជូនដល់ភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះភាពសម្បូរបែបនៃរមណីយដ្ឋានធម្មជាតិ ទីតាំងប្រវត្តិសាស្ត្រ និងសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដែលមានការរីកចម្រើន ក៏ជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
រដ្ឋបាលខេត្តពោធិ៍សាត់ រំពឹងទុកថា តាមរយៈសន្ទុះកំណើនដ៏ល្អប្រសើរនេះ នឹងបន្តជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែសកម្មថែមទៀត៕



























