រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងទាក់ទាញភ្ញៀវទេសចរ
13-10-2026 15:56
(សៀមរាប)៖ ដើម្បីលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជាផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានកម្សាន្ដសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលស្រុកក្រឡាញ់ សហការជាមួយរដ្ឋបាលឃុំតាអាន និងព្រះគ្រូចៅអធិការវត្តសរសៃពង បានរៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅតំបន់ព្រំប្រទល់រវាងភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានទូក «ង» ចំនួន ១៤ទូក ព្រមទាំងមានល្បែងប្រជាប្រិយជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានថ្លែងថា ការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្ស។ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ឲ្យជួយថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីឱ្យកម្មវិធីដំណើរការទៅដោយរលូន។
ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណស្រុកក្រឡាញ់ និងជាគណៈកម្មការវត្តសរសៃពង មានសង្ឃដីកាថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងយុវជន លើកកម្ពស់វប្បធម៌ដូនតា និងជួយឲ្យយុវជនចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងបានថ្លែងអំណរគុណចំពោះសុខសន្តិភាពដែលផ្ដល់លទ្ធភាពឱ្យមានការរៀបចំព្រឹត្តិការណ៍សប្បាយរីករាយនេះឡើង។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុកនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកទស្សនា និងលើកទឹកចិត្តដល់កីឡាករ ដោយអាជ្ញាធរមូលដ្ឋានរំពឹងថា វានឹងបន្តដាស់ស្មារតីយុវជនជំនាន់ក្រោយឱ្យចូលរួមថែរក្សា និងអភិរក្សមរតកវប្បធម៌ដ៏មានតម្លៃនេះតទៅមុខទៀត៕















