FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកលក់ដូរ បន្លែ ផ្លែឈើ ដាក់កញ្ច្រែងនៅផ្សារបានលុង សុំឱ្យអភិបាលខេត្តរតនគិរី ជួយចុះពិនិត្យផង ករណីម្ចាស់វិនិយោគផ្សារនៅតែបន្តយកលុយពីពួកគាត់ (Video inside)

13-10-2026 15:44

(រតនគិរី)៖ បើទោះបីរាជរដ្ឋាភិបាលកាត់ដីទំហ៊ំ ៥៤គុណ ១១០ម៉ែត្រ ចេញពីដែនវិនិយោគផ្សារបានលុងខេត្តរតនគិរីក៏ដោយ តែលោកឧកញ៉ា សា លាង ម្ចាស់វិនិយោគផ្សារបានលុងខេត្តរតនគិរី នៅតែឲ្យកូនចៅបន្តយកលុយដោយគ្មានខ្លាចបទបញ្ជារាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរតនគិរីឡើយ ដោយអនុវត្តផ្ទុយពីសៀវភៅបន្ទុក ក្រោមរូបភាព «កន្ទេលធំ បន្លំដេក»។

បើតាមប្អូនស្រីឈ្មោះ ធួន និម៉ន ជនជាតិទំពូន មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង តំណាងឲ្យបងប្អូនជនជាតិលក់បន្លែ ផ្លែឈើ ក្នុងផ្សារបានលុងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះថា បងប្អូនពួក ដាក់កញ្ជ្រែងលក់ដូរបន្លែ ផ្លែឈើដាំដុះក្នុងចំការខ្លួនឯង ក៏កូនចៅម្ចាស់ផ្សារបានលុងយកលុយក្នុងម្នាក់ ១ពាន់រៀល, តែបើទិញបន្លែពីកន្លែងផ្សេងមកលក់យកក្នុងម្នាក់ ២ពាន់រៀល ហើយពេលខ្លះមកយឺតបន្តិចរកកន្លែងលក់គ្មានទេ ពោលគឺម្ចាស់វិនិយោគផ្សារយកកន្លែងពួកគាត់ជួលឲ្យអាជីវករផ្សេង។

តំណាងបងប្អូនជនជាតិលក់បន្លែ ផ្លែឈើរូបនេះបន្តទៀតថា ពួកគាត់មានជីវភាពលំបាករកស៊ីតិចតួចសូមកុំឲ្យយកលុយអី, សុំណូមពរពួកគាត់ឲ្យលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រៀបចំផ្សារជនជាតិឡើងវិញ បង្កលក្ខណៈងាយស្រួលឲ្យពួកគាត់លក់ដូរបានចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ។

ជុំវិញករណីនេះដែរ លោក ធូ ឃឿ អភិបាលក្រុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៍មាន Fresh News ដែរថា ករណីខាងលើនេះ លោកធ្លាប់ចុះដោះស្រាយជាច្រើនដងមកហើយ, ជាទូទៅបើបងប្អូនជនជាតិយកបន្លែដាំដុះខ្លួនឯងមកពីភូមិមកលក់ក្នុងផ្សារអត់យកលុយទេ តែបើទិញបន្លែពីកន្លែងផ្សេងមកដាក់លក់គឺយកលុយ (មិនបញ្ជាក់ចំនួន)។ យ៉ាងណាមិញនៅថ្ងៃស្អែកនេះ ឫយ៉ាងយូរបំផុតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ លោកនឹងចុះទៅត្រួតពិនិត្យកន្លែងនោះម្តងទៀត៕