FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់កងកម្លាំងនៅស្រុកស្វាយជ្រំ ដែលបានការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

13-10-2026 14:18

(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង រួមជាមួយសហការី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃកន្លងមកនេះ ប្រកបដោយសុវត្ថិភាព និងភាពរលូនល្អ។

លោកស្រី ដួង វណ្ណា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃកន្លងមកនេះ ប្រកបដោយសុវត្ថិភាព និងភាពរលូនល្អ។ ការលះបង់របស់កងកម្លាំង បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រកបដោយភាពសប្បាយរីករាយ និងគ្មានការព្រួយបារម្ភ។

ក្នុងឱកាសដ៏មានអត្ថន័យនេះលោកស្រី ដួង វណ្ណា ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់កងកម្លាំងម្នាក់ៗផងដែរ។ ក្នុងនោះកងកម្លាំងនីមួយៗទទួលបានអង្ករចំនួន ២០គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀល។ អំណោយទាំងនេះគឺជាការឧបត្ថម្ភគាំទ្រពី លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, លោក លីវ សុភត្រា, លោក គង់ សំអាត និង លោក សុខ រ៉ាដូ ដែលបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលះបង់របស់កងកម្លាំងជាតិ។

ការចុះសំណេះសំណាល និងការចែកអំណោយនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់កងកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះវីរភាព និងការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការការពារជាតិ មាតុភូមិ និងប្រជាជន៕