FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋជាច្រើននៅខេត្តកំពង់ធំ ជ្រើសរើសប្រើប្រាស់រថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ ធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញ

13-10-2026 13:59

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលកំពុងត្រៀមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ នៅចំណតរថយន្ត (បេនឡានកំពង់ធំ)។

នាឱកាសនោះលោក នួន ផារ័ត្ន បានបញ្ជាក់ថា សេវាដឹកជញ្ជូនសាធារណៈដោយរថយន្តក្រុងឥតគិតថ្លៃនេះ ត្រូវបានផ្តល់ជូនរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ការរៀបចំនេះគឺអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងត្រឡប់មកវិញ។ ក្នុងចំណោមរថយន្តទាំងនោះ ខេត្តកំពង់ធំ ទទួលបានរថយន្តដឹកអ្នកដំណើរចំនួន ១៥គ្រឿង។

លោកបន្តថា នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរប្រកបដោយភាពសប្បាយរីករាយ និងកាត់បន្ថយការចំណាយបានមួយចំណែកផងដែរ។ លោកក៏បានជូនពរឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញវិញប្រកបដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបែងចែករថយន្តដឹកជញ្ជូនជាពីរផ្នែកធំៗ គឺ ១០០គ្រឿង សម្រាប់សេវាដឹកជញ្ជូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) និង ៥០០គ្រឿងទៀត សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗផងដែរ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕