លោកបណ្ឌិត ឃួន សុវណ្ណ បង្ហាញការគាំទ្រ និងសកម្មភាពមនុស្សធម៌ជូនគណបក្សប្រជាជនកម្ពុជា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅឃុំសំរោង ខេត្តព្រៃវែង
13-10-2026 13:32
(ព្រៃវែង)៖ ក្នុងឱកាសរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំសំរោង ស្រុកស្វាយអន្ទរ បានបង្ហាញនូវសទ្ធាជ្រះថ្លា និងស្មារតីគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការឧបត្ថម្ភស្លាកគណបក្សចំនួន ១១ស្លាក ដែលមានតម្លៃសរុប ៥១៥ ដុល្លារអាមេរិក ជូនដល់សាខាបក្សភូមិចំនួន ៦ រួមមាន ភូមិសំរោង ភូមិថ្មី ភូមិព្រហូត ភូមិប្រលឹងមាស ភូមិត្រាច និងភូមិព្រៃសំឡាញ នៅក្នុងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្រៅពីការឧបត្ថម្ភស្លាកគណបក្ស លោកបណ្ឌិត ឃួន សុវណ្ណ ក៏បានបន្តចែកអំណោយជាច្រើនដល់ប្រជាពលរដ្ឋ និងសមាជិកបក្សក្នុងមូលដ្ឋានផងដែរ។ ក្នុងនោះប្រជាការពារភូមិចំនួន ២៨នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ាពោះគោចំនួន ១ និងថវិកា ២០,០០០រៀល ដែលក្នុងនោះមានថវិការបស់លោក សិទ្ធ វិចិត្រ ចំនួន ១០,០០០រៀល សម្រាប់ម្នាក់ៗ។ ចំណែកឯប្រធាន និងអនុប្រធានសាខាបក្សអនុវិទ្យាល័យព្រហូតចំនួន ៧នាក់ ក៏ដូចជាប្រធាន និងអនុប្រធានសាខាបក្សភូមិចំនួន ៤២ នាក់ និងប្រធាន/អនុប្រធានសាខាបក្សសាលាបឋមសិក្សាព្រហូតចំនួន ៨ នាក់ ក្នុងម្នាក់ៗបានទទួលក្រម៉ាពោះគោចំនួន ១ និងថវិកា ១០,០០០រៀល។
បើតាមលោកបណ្ឌិត ឃួន សុវណ្ណ បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌ និងការគាំទ្រគណបក្សប្រជាជនកម្ពុជានេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់យុវជនក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការងារបក្ស និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការចំណាយសរុបសម្រាប់ការលើកស្លាកគណបក្សនេះ មានចំនួន ៥២០,០០០រៀល។
សកម្មភាពដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមគាំទ្រពីលោក ម៉ុក វណ្ណា ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំសំរោងផងដែរ។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិកបក្សក្នុងការបម្រើប្រជាជន និងពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជាឲ្យកាន់តែរឹងមាំ៕














