អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្តប្រជាពលរដ្ឋក្នុងខេត្ត បន្តធ្វើជា «គំរូដ៏ល្អ» លើការទុកដាក់សំរាម និងអនាម័យបរិស្ថានគ្រប់ទីកន្លែង
13-10-2026 13:22
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ឱ្យបន្តធ្វើជាគំរូដ៏ល្អជានិច្ច ក្នុងការទុកដាក់សំរាម និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ទោះបីជាអញ្ជើញទៅកាន់រាជធានី-ខេត្តផ្សេងៗ ឬទីសាធារណៈណាក៏ដោយ។
ការលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយមកលេងស្រុកកំណើត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះលោក ខូយ រីដា បានគូសបញ្ជាក់ថា សមិទ្ធផលគួរឱ្យមោទនភាព ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កោតសរសើរយ៉ាងខ្លាំង និងបានណែនាំជាផ្លូវការឱ្យបណ្តាខេត្តដទៃទៀតយកគំរូតាម គឺការងារអនាម័យបរិស្ថាន ការដោះស្រាយបញ្ហាសំរាម ព្រមទាំងការបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈនៅតាមទីប្រជុំជន និងជនបទ។ ដូច្នេះ លោកបានស្នើឱ្យប្រជាពលរដ្ឋពោធិ៍សាត់រួមគ្នារក្សានូវគំរូដ៏ល្អនេះឱ្យបានជាប់ជាប្រចាំ។
លោកអភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនទាំងអស់ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយក្តីរីករាយ មានការប្រុងប្រយ័ត្នបញ្ជូនកូនៗទៅរៀនសូត្រវិញតាមកាលកំណត់ ហើយជាពិសេសចំពោះអ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវបើកបរលើសល្បឿនកំណត់ឡើយ។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ (សរុប០៥ថ្ងៃ) រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូននូវរថយន្តក្រុង សរុបចំនួន២៨គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដោយឥតគិតថ្លៃ ដែលសកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ៕


















































