រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានគ្រោះថ្នាក់ចរាចរណ៍សរុប៣៤ករណី បណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង១០១នាក់រងរបួស
13-10-2026 13:17
(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ ស្តីពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ដែលបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២៥។
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣៤ករណី បណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង ១០១នាក់រងរបួស។
បើតាមរបាយការណ៍ដដែល ការកើនឡើងនេះមានចំនួន ១៤ករណី បើធៀបនឹងឆ្នាំ២០២៥ ដោយមានអ្នកស្លាប់កើនឡើង ១៦នាក់ និងអ្នករបួសកើនឡើង ៧១នាក់។
ក្នុងចំណោម ៣ថ្ងៃនោះ ថ្ងៃទី១០ ខែតុលា មានអ្នកស្លាប់ ១២នាក់ និងរបួស ២៣នាក់, ថ្ងៃទី១១ ខែតុលា មានអ្នកស្លាប់ និងរបួស៥១នាក់ ខណៈថ្ងៃទី១២ ខែតុលា មានគ្រោះថ្នាក់ ១០ករណី បណ្តាលឱ្យស្លាប់ ៨នាក់ និងរបួស ២៧នាក់។
គិតចាប់ពីបិណ្ឌ១ រហូតមកដល់ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ១៤៣ករណី បណ្តាលឱ្យមនុស្ស ៨៦នាក់ស្លាប់ និង ២៥៨នាក់រងរបួស។ តួលេខនេះ ក៏បានកើនឡើងផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយមានការកើនឡើង ២៦ករណី អ្នកស្លាប់កើន ៦នាក់ និងអ្នករបួសកើន ១០២នាក់៕
