មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ប្រកាសស្វែងរកក្រុមហ៊ុនចូលរួមដេញថ្លៃការងារដំឡើង និងថែទាំ ដើម្បីពង្រឹងសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជា
13-10-2026 11:46
(ភ្នំពេញ)៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (TASK) បានប្រកាសអញ្ជើញក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិសមស្រប ដាក់ពាក្យសុំចូលរួមដេញថ្លៃសម្រាប់ការងារដំឡើង និងថែទាំបរិក្ខារ និងសំណង់ សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល TASK កែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន YUJIN ENC Co., Ltd. នៃសាធារណរដ្ឋកូរ៉េ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា វិសាលភាពការងារដំឡើង និងថែទាំបរិក្ខារ និងសំណង់សម្រាប់មជ្ឈមណ្ឌលនេះ រួមមានការជួសជុល និងលាបថ្នាំជញ្ជាំង ដំឡើងម៉ាស៊ីនត្រជាក់ រួមទាំងប្រព័ន្ធអគ្គិសនី និងបំពង់បង្ហូរទឹកកំណកនៅមជ្ឈមណ្ឌលវិភាគ។ ចំពោះរោងចក្រសាកល្បងទី២ នឹងមានការដំឡើងម៉ាស៊ីនត្រជាក់ប្រភេទកាសែតពិដានបញ្ចេញខ្យល់៤ទិស ប្រើប្រព័ន្ធ Inverter កម្លាំង 5HP ចំនួន៨គ្រឿង ព្រមទាំងប្រព័ន្ធអគ្គិសនីមេ ទូបែងចែកអគ្គិសនី និងគ្រឹះបេតុងសម្រាប់ឯកតាខាងក្រៅ។ លើសពីនេះ ការងារក៏រួមបញ្ចូលការជួសជុល ឬប្តូរម៉ូទ័ររបស់ម៉ាស៊ីនកិនកូឡូអ៊ីដ (Colloid Mill) និងការប្តូរ ដំឡើង ព្រមទាំងជួសជុលកង្ហារបញ្ចេញខ្យល់ផងដែរ។ ការងារទាំងអស់នេះត្រូវបញ្ចប់ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦។
ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃត្រូវជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅកម្ពុជា មានវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ឬអាជ្ញាបណ្ណពាក់ព័ន្ធដែលមានសុពលភាព។ ការដាក់ពាក្យសុំចូលរួមដេញថ្លៃ និងច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ត្រូវផ្ញើតាមអ៊ីមែលទៅ [email protected] ឬ(ទាក់ទងទូរស័ព្ទលេខ +82-10-4407-8255) ឱ្យបានត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ ក្រុមហ៊ុនដែលបានដាក់ឯកសារពេញលេញនឹងទទួលបានតារាងបរិមាណការងារ (BOQ) តាមរយៈអ៊ីមែល។
ការធ្វើបទបង្ហាញសំណើ និងការដាក់សម្រង់តម្លៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ឯកសារតម្រូវរួមមាន សំណើបច្ចេកទេស កាលវិភាគការងារ សម្រង់តម្លៃរួមជាមួយ BOQ ដែលបានបំពេញ និងច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ឬអាជ្ញាបណ្ណពាក់ព័ន្ធ។ ក្រុមហ៊ុន YUJIN ENC នឹងវាយតម្លៃ និងជ្រើសរើសអ្នកឈ្នះដោយផ្អែកលើលទ្ធភាពអនុវត្ត ភាពសមស្របផ្នែកបច្ចេកទេស សមត្ថភាពបញ្ចប់ការងារតាមកាលកំណត់ និងភាពប្រកួតប្រជែងនៃតម្លៃ។ ឱកាសនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកែច្នៃម្ហូបអាហារនៅកម្ពុជា។
សូមជម្រាបថា មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាស ក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលនេះបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ៕





