រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានករណីអគ្គិភ័យកើតឡើង ១៩លើក បណ្តាលឱ្យមនុស្ស ១នាក់ស្លាប់ (Video inside)
13-10-2026 10:23
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ចាប់ពីបុណ្យកាន់បិណ្ឌទី១ ដល់ទី១៥ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ករណីអគ្គិភ័យបានកើតឡើងចំនួន ១៩លើក ថយចុះចំនួន ១០លើក បើធៀបនឹង ២៩លើក នៅក្នុងឆ្នាំ២០២៥។
ក្នុងរយៈពេល ១៥ថ្ងៃនេះ អគ្គិភ័យបានបណ្តាលឱ្យខូចខាតផ្ទះចំនួន ៩ខ្នង បន្ទប់ ១សាលាឆាន់ ១ខ្នង ព្រះវិហារ ១ខ្នង និងរថយន្តចំនួន ៣គ្រឿង។
របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុចម្បងនៃអគ្គិភ័យគឺការឆ្លងចរន្តអគ្គិសនី ដែលមានចំនួន ១១លើក ស្មើនឹង ៧៨,៥៧% ខណៈដែលភ្លើងទៀន និងធូបបណ្តាលឱ្យមាន ៣លើក ស្មើនឹង ២១,៤២%។ គួរឱ្យសោកស្តាយ មានករណីស្លាប់ចំនួន ១នាក់ (ស្រី) ផងដែរ។
ដោយឡែកសម្រាប់រយៈពេល ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ (ថ្ងៃទី១០-១១-១២ ខែតុលា ឆ្នាំ២០២៦) ករណីអគ្គិភ័យបានកើតឡើងចំនួន ៥លើក ដែលថយចុះពី ៧លើក បើធៀបនឹងឆ្នាំ២០២៥។ ក្នុងចំណោមករណីទាំងនេះ ផ្ទះចំនួន ៧ខ្នង និងបន្ទប់ ៤ ត្រូវបានឆេះខូចខាត។
មូលហេតុរួមមានការឆ្លងចរន្តអគ្គិសនី ១លើក (២០%) ភ្លើងទៀន និងធូប ២លើក (៤០%) និងមូលហេតុមិនទាន់កំណត់បាន ២លើក (៤០%)។ ក្នុងរយៈពេល ៣ថ្ងៃនេះ មិនមានករណីស្លាប់ ឬរបួសបណ្តាលមកពីអគ្គិភ័យនោះទេ។ ខេត្តដែលរងគ្រោះរួមមានខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កំពត និងកំពង់ឆ្នាំង ដោយមាន ១ករណីក្នុងមួយខេត្ត៕





