FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន

12-10-2026 21:56

(អាស៊ែបៃហ្សង់)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចមហាបវរធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ដែលបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាពេលនេះ ក៏ដូចជាការផ្ដល់ការគាំទ្ររបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA នាពេលកន្លងមក។

លោកប្រធានាធិបតីបានបន្ថែមថា វត្តមានរបស់សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមក។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ជូនដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជានាឱកាសនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីបានគូសរំលេចអំពីការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្ត របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៤។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

សម្ដេចមហាបវរធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។

បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចមហាបវរធិបតី និងលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្តូរឯកសារ ចំនួន៣ ដែលរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។

៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធនិងការចៀសវាងពន្ធ៕