FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា (Video inside)

12-10-2026 20:17

(អាស៊ែបៃហ្សង់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ និងអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នាឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលវេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧នាក់ មកពីក្រុមហ៊ុនសរុបចំនួន ៩០ ដោយមានគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតផលប្រយោជន៍ទៅវិញទៅមក។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា និងអាស៊ែបៃហ្សង់ មានសក្តានុពលដ៏ធំធេងដែលមិនទាន់បានទាញយកមកនៅឡើយ សម្រាប់ការពង្រីកភាពជាដៃគូសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់ប្រជាជាតិនិមួយៗ។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ នៅពេលដែលយើងមានចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងវិបុលភាពរួមគ្នា ហើយសម្តេចចង់ឃើញការពិភាក្សានៅថ្ងៃនេះប្រែទៅជាលទ្ធផលជាក់ស្តែង រួមទាំងដំណើរទស្សនកិច្ចធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងផ្លូវការ និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។

ស្របជាមួយវេទិកានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងដូចនេះដែរថា «ខ្ញុំសូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជូនពរឱ្យវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតបាននូវភាពជាដៃគូ គម្រោងវិនិយោគ និងកាលានុវត្តភាព ធុរកិច្ចថ្មីៗ សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំង២ផងដែរ៕