ព្រះសិរីមង្គលមុនី ម៉ុច សៅលី ចែកទេយ្យទានដែលទទួលពីញាតិញោមនាឱកាសភ្ជុំបិណ្ឌ ដល់ព្រះសង្ឃ លោកយាយ លោកតា អាចារ្យ គណៈកម្មការ ឃុំប្រស្នឹប ប៉ុស្តិ៍ប្រស្នឹប និងប្រជាការពារ
12-10-2026 18:35
(កំពង់ឆ្នាំង)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណ:កិត្តិយស ទីប្រឹក្សា គណ:សង្ឃនាយក ព្រះគ្រូចៅអធិការ វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅ វត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ បានចែកទេយ្យទានដល់ព្រះសង្ឃ លោកយាយលោកតា លោកអាចារ្យ គណៈកម្មការ ឃុំប្រស្នឹប ប៉ុស្តិ៍ ប្រស្នឹប និងប្រជាការពារ ភូមិស្រងាំទេរ ជាច្រេីនអង្គ/នាក់។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបញ្ជាក់ថា ជំនួយទាំងអស់នេះជាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានយកមកប្រគេនក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត តែដោយមើលឃើញថា ទេយ្យទានពុទ្ធបរិស័ទមានច្រើន ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទុកមួយចំណែកសម្រាប់ព្រះសង្ឃ និងមួយចំណែកទៀតយកមកចែករំលែក ជាទេយ្យទានជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាការពារ ចំនួន៣២គ្រួសារ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីកាបន្ថែមទៀតថា នេះជាសកម្មភាពមនុស្សធម៌របស់ព្រះពុទ្ធសាសនា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗផងដែរ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនបុណ្យកុសល ដល់លោក លោកស្រី និងពុទ្ធបរិស័ទ ដែលជាម្ចាស់សទ្ធាទាំងអស់មានសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងសូមចំរើនពរជូននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា ព្រះសិរីមង្គលមុនី ម៉ុច សៅលី បានប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃ ៧អង្គ, ជូនទេយ្យទានដល់លោកយាយ លោកតា លោកអាចារ្យ គណៈកម្មការ ឃុំប្រស្នឹប ប៉ុស្តិ៍ប្រស្នឹប ប្រជាការពារភូមិស្រងាំទេរសរុប ៣២នាក់ ក្នុងមួយនាក់ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកក្រូច ១០ កំប៉ុង ថវិកា ១០មុឺនរៀល៕



















