កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន
12-10-2026 16:30
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត អំពីករណីបាត់ម៉ូតូកង់បីមួយគ្រឿង ម៉ាកវ៉េវ។ ក្រោយការស្រាវជ្រាវអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ម្ចាស់ម៉ូតូបានប្រទះឃើញម៉ូតូរបស់ខ្លួនកំពុងជិះដោយមនុស្សប្រុស ៣នាក់ ដែលបានដោះរ៉ឺម៉កចេញ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់៖ ១៖ឈ្មោះ សួរ រស្មី (ស្មី) ភេទប្រុស អាយុ២៨ឆ្នាំ ,២៖ ឈ្មោះ សួរ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣៖ឈ្មោះ ពៅ អូរប៉ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រៃព្រិចសង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃាត់ក៏បានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញមានវិជ្ជមាន(+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួននឹងសួរនាំរួច ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនបានទិញម៉ូតូពីយុវជនម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ ក្នុងតម្លៃចំនួន ១,២០០,០០០រៀលហើយគ្មានលិខិតទិញ-លក់នោះទេ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំពោះម៉ូតូជាវត្ថុតាងនោះ ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕














