FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត

12-10-2026 16:24

(អាស៊ែបៃហ្សង់)៖ កម្ពុជា និងអាស៊ែបៃហ្សង់ បើកទំព័រថ្មីនៃទំនាក់ទំនងរវាងគ្នា ដោយ​បោះ​មួយជំហានទៀតឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងការអប់រំផ្នែកការទូត។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការទូត។

ដើម្បីឈានទៅសម្រេចបានកាន់តែប្រសើរលើកិច្ចការនេះ កម្ពុជា និងអាស៊ែបៃហ្សង់ បានបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់លើឯកសារចំនួន៣រួមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋ​កិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។

២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការ​ទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា និងសាកលវិទ្យាល័យ ADA ដែលចំណុះឱ្យក្រសួងការបរទេសអាស៊ែបៃ​ហ្សង់​។

៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ស្តីពីការលុប​បំបាត់​ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះ​ពន្ធ​ និងការចៀសវាងពន្ធ។

ក្នុងសន្និសីទរួមគ្នាជាមួយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅថ្ងៃចន្ទ ទី១២ តុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសកម្ពុជា និង​អាស៊ែ​បៃហ្សង់ នៅមានកម្រិតតិចតួចនៅឡើយ ខណៈប្រទេសទាំងពីរមានទំនាក់​ទំនងការ​ទូត​ជាមួយគ្នារយៈពេលជាង ៣០ឆ្នាំមកហើយ។

សម្តេចមហាបវរធិបតី បានគូសរំលេចថា កន្លងមកប្រទេសទាំងពីរ​បានរៀបចំផែនទី​បង្ហាញ​ផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះតាមរយៈ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនៅថ្ងៃនេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរ​អាច​ធ្វើ​ការរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង។

សម្តេចមហាបវរធិបតី បានឱ្យដឹងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដើម្បីបង្កើតក្រុមការងាររួមផ្នែកពាណិជ្ជកម្ម ដែលនឹងធ្វើការរួមគ្នាក្នុងការកំណត់ និង​អនុវត្ត​សកម្មភាពជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយតំណាង​សហ​គមន៍​ធុរកិច្ច និងវិស័យឯកជនរបស់អាស៊ែបៃហ្សង់។ សម្តេចសង្ឃឹមថា នឹងអាចអញ្ជើញ​គណៈ​ប្រតិភូធុរកិច្ចអាស៊ែបៃហ្សង់ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកឱកាសវិនិយោគ។

សម្តេចមហាបវរធិបតី បានបង្ហាញការយល់ឃើញថា ការបង្កើនទំនាក់ទំនងដោយផ្ទាល់​រវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញ​ឱកាស​​ជាក់ស្តែង និងកំណត់ឱកាសពិតប្រាកដសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិ​បត្តិការ​ផ្នែកវិនិយោគ។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួប​រវាង​អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើត​កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលបំណងសម្រួល និងបង្កើន​ការតភ្ជាប់រវាងប្រទេសទាំងពីរ៕