ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់ ចុះស្វែងយល់ពីឱកាសនាំចេញកាហ្វេរ៉ូប៊ូស្តាខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ
12-10-2026 14:17
(ភ្នំពេញ)៖ លោក គួយ ម៉ៃឃល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះបានអញ្ជើញចុះទស្សនកិច្ច នូវវឌ្ឍនភាពនៃការសាងសង់រោងចក្រកែច្នៃកាហ្វេរបស់ក្រុមហ៊ុនគិរីកាហ្វេ។
ដំណើរទស្សនកិច្ចស្វែងយល់នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ដែលលោកប្រធាន គួយ ម៉ៃឃល នឹងនាំយកលទ្ធផលពិភាក្សាទៅកាន់ដៃគូវិនិយោគ និងធុរកិច្ចនៅប្រទេសណូវែលហ្សេឡង់ ក្នុងគោលដៅរៀបចំការនាំចូល និងចែកចាយបន្តនូវគ្រាប់កាហ្វេគុណភាពខ្ពស់របស់ក្រុមហ៊ុន គិរីកាហ្វេ ទៅកាន់ទីផ្សារប្រទេសណូវែលហ្សេឡង់ សំដៅពង្រីកទំហំនាំចេញកសិផលកែច្នៃរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។
ភាពជោគជ័យ និងការបោះជំហានរីកចម្រើនជាលំដាប់របស់ក្រុមហ៊ុន គិរីកាហ្វេ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្រយ៉ាងរឹងមាំពីថ្នាក់ដឹកនាំ និងស្ថាប័ន រួមមាន៖
*ការចង្អុលបង្ហាញ និងការគាំទ្រពីបណ្ឌិត កៅ ថាច និងធនាគារ ARDB៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារតែងតែដើរតួនាទីគន្លឹះក្នុងការផ្តល់កម្ចីគាំទ្រដល់ខ្សែច្រវាក់តម្លៃកសិកម្ម ការលើកទឹកចិត្តដល់ការកែច្នៃកសិផលក្នុងស្រុក និងការជំរុញឱ្យសហគ្រាសក្នុងស្រុកដូចជា គិរីកាហ្វេ មានលទ្ធភាពពង្រីកហេដ្ឋារចនាសម្ព័ន្ធរោងចក្រស្តង់ដារ ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
សមាគមបណ្តាញកសិករតេជោ៖ បានដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ សម្របសម្រួល និងពង្រឹងកម្លាំងសាមគ្គីភាពជាមួយបណ្តុំកសិករដាំដុះ ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអភិវឌ្ឍកសិកម្មតាមកិច្ចសន្យាប្រកបដោយទំនុកចិត្ត។
ស្របតាមទស្សនវិស័យនៃការលើកកម្ពស់ជីវភាពសហគមន៍ ក្រុមហ៊ុន គិរីកាហ្វេ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចុះកិច្ចសន្យា និងខិតខំប្រមូលទិញគ្រាប់កាហ្វេរ៉ូប៊ូស្តាដោយផ្ទាល់ពីបងប្អូនកសិករក្នុងខេត្តមណ្ឌលគិរី ក្នុងតម្លៃសមរម្យ និងទីផ្សារច្បាស់លាស់។
កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយធានានូវប្រាក់ចំណូលស្ថិរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករនៅតំបន់ខ្ពង់រាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះកាហ្វេខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើទីផ្សារពិភពលោកផងដែរ៕









