FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌម្សិលមិញនេះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិជិត ៥ម៉ឺននាក់

12-10-2026 10:47

(កំពត)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ ខេត្តកំពត បានទាក់ទាញភ្ញៀវទេសចរ ៤៧.៧២៦នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត។

ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ ភ្ញៀវទេសចរជាតិមានចំនួន ៤៧.៣៣៥នាក់ ដែលបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ក្នុងស្រុក និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទាន និងលំហែកាយនៅតាមបណ្តាខេត្តនានា។ រីឯភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានចំនួន ៣៩១នាក់ ដែលបានមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តកំពត។

ដោយឡែកសម្រាប់ការបើកដំណើរការបណ្តោះអាសន្នរូបសំណាក់បាតដៃសុភមង្គល មានភ្ញៀវប្រមាណ ៣ ៥០០នាក់មកទស្សនា និងផ្តិតយករូបភាព។

ជុំវិញរឿងសុខសុវត្ថិភាព អាជ្ញាធរខេត្តកំពត បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវបរិយាកាសរីករាយ និងគ្មានការព្រួយបារម្ភសម្រាប់ភ្ញៀវទេសចរទាំងអស់។

ជាលទ្ធផលក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ស្ថានភាពសន្តិសុខ និងសុវត្ថិភាពត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕