ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២
12-10-2026 09:44
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលកំពុងបំពេញភារកិច្ចប្រចាំទិសភូមិភាគទី១ និងទី២។
ការចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលកស្រី ស ស៊ីណា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលការពារព្រំដែន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ថ្លែងក្នុងឱកាសនោះ លោលឧត្តមសេនីយ៍ឯក កឹង ឃន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរពីសំណាក់ នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រជាពលរដ្ឋ និងប្រទេសជាតិមាតុភូមិ។
ជាមួយគ្នានេះ ការជួបសំណេះសំណាល និងការផ្តល់អំណោយដល់កងកម្លាំង ក៏ជាការលើកទឹកចិត្ត និងពង្រឹងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពរបស់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន ព្រមទាំងជំរុញឱ្យកងកម្លាំងបន្តខិតខំបំពេញភារកិច្ចដោយភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋផងដែរ៕




















