ពុទ្ធបរិស័ទច្រើនកុះករ អញ្ជើញទៅចូលរួមបុណ្យភ្ជុំថ្ងៃចុងក្រោយ នៅវត្តព្រះវិហារធំសសរ១០០
11-10-2026 22:54
(ក្រចេះ)៖ វត្តព្រះវិហារធំសសរ១០០ ដែលជាទីបូជនីយដ្ឋានដ៏ចំណាស់នៅស្រុកសំបូរ ខេត្តក្រចេះ បានក្លាយទៅជាទីបូជាប្រកបដោយសទ្ធា និងក្តីជ្រះថ្លាដ៏មុតមាំរបស់ប្រជាពុទ្ធបរិស័ទក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ចាប់តាំងពីបិណ្ឌទី១ រហូតដល់ថ្ងៃបុណ្យភ្ជុំចុងក្រោយ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមូលមីនាំយកចង្ហាន់ និងទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃ និងឧទ្ទិសមហាកុសលជូនបុព្វការីជនតាមអំណាចជំនឿប្រពៃណីរបស់ខ្មែរ។
នៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជាថ្ងៃបុណ្យភ្ជុំច៧ងក្រោយ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករបានអញ្ជើញទៅកាន់វត្តព្រះវិហារធំសសរ១០០។
ក្រៅពីការនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃហើយនោះ ប្រជាពុទ្ធបរិស័ទ ក៏មិនរំលងឡើយការបូជាធូបទៀននៅមហាចេតិយព្រះនាងក្រពុំឈូក ដែលពួកគេមានជំនឿថា មានបារមីស័ក្តិសិទ្ធិ ដែលជួយសម្រេចរាល់បំណងប្រាថ្នាដែលគេបួងសួងនោះ។
សូមបញ្ជាក់ថា វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះរាជចេតិយដែលកសាងឡើងដោយព្រះបាទចន្ទរាជានៅក្នុងឆ្នាំ១៥២៩ ពោលគឺមុនការកសាងវត្តទៅទៀត។ ទ្រង់បានបញ្ចុះព្រះរាជអដ្ឋិធាតុធីតារបស់ព្រះអង្គ ព្រះនាមព្រះអង្គម្ចាស់អនុជាតិក្សត្រីយ៍វភក័ក្ត្រ ឬ ព្រះនាងក្រពុំឈូក តមកបានបញ្ចុះព្រះរាជអដ្ឋិធាតុ ព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារ ចៅពញាតូ ព្រះនាងព្រះម៉ែយួ បុប្ឋាវតី និងព្រះរាជវង្សានុវង្សជាច្រើនអង្គ។ លុះមកដល់ខែធ្នូ គ.ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ទ្រង់បានស្ថាបនាព្រះចេតិយនេះជាថ្មី ហើយទ្រង់បានសម្ពោធឆ្លងព្រះចេតិយនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៥៦។
បន្ទាប់ពីកសាងចេតិយរួច ព្រះរាជាបានឲ្យគេសាងសង់រោងបុណ្យប្រក់ស្បូវយ៉ាងស្រស់ស្អាត់មួយ ក្បែរចេតិយនោះ ដោយមានសសរចំនួន១០០ដើម។ ក្រោយពីសាងសងរោងបុណ្យរួច ព្រះរាជាត្រាស់បង្គាប់ឱ្យរៀបចំពិធីបុណ្យធំនៅជិតមាត់ទន្លេ ដែលនៅចម្ងាយពីឆ្ងាយពីព្រះចេតិយ និងរោងបុណ្យនេះ ដោយមានអ្នកចូលរួមច្រើនកុះករ។ នៅក្នុងពិធីបុណ្យនោះ ព្រះរាជាទ្រង់បានប្រសិទ្ធនាមរោងបុណ្យនោះថា «ព្រះវិហារធំ» លុះក្រោយមកទៀត ទីអារាមនេះ ក៏ត្រូវបានគេហៅថា «ព្រះវិហារធំសសរ១០០»។
រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារដែលមានដំបូលប្រក់ស្បូវ ត្រូវបានបំផ្លាញដោយរន្ទះភ្លើងបាញ់ ដែលបានធ្វើអោយសសរ២៨ដើមឆេះអស់ ហើយនៅសល់សសរតែ៧២ ដើមប៉ុណ្ណោះ ហើយព្រះពុទ្ធបដិមាប្រលាក់ដោយផ្សែងភ្លើង។
ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧២ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ ត្រូវបានរុះរើ ហើយសាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត្រ ទទឹង១៨ម៉ែត្រ មានកម្ពស់ ២៣ម៉ែត្រ និងសសរ១១៦ដើម។ ព្រះវិហារថ្មីត្រូវបានស្ថាបនារួចរាល់ និងបញ្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។ បច្ចុប្បន្នព្រះវិហារ នេះមានសសរស៊ីម៉ងត៍ សុទ្ធចំនួន១១៦ដើម៕


























































































































