នគរបាលចាប់ខ្លួនម្ចាស់គណនី «បងទ្រៀងឯកា» ដែលថតវីដេអូប៉ះពាល់ដល់កិត្តិយស និងតម្លៃស្ដ្រីខ្មែរ នៅស្រុកពញាឭ
11-10-2026 16:57
(កណ្ដាល)៖ បុរសជាអ្នកលក់គ្រឿងសមុទ្រ ថត Zoom វីដេអូ មើលដើមទ្រូងស្រ្តីម្នាក់ជាអ្នកទិញគ្រឿងសមុទ្រ យកទៅបង្ហោះក្នុងTikTok របស់ខ្លួនឈ្មោះ បងទ្រៀងឯកា ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុគ្គលខាងលើ មកបន្តអនុវត្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ស៊ុំ ចាន់ទ្រា បានឆ្លើយសារភាពថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រូបខ្លួន បានទៅលក់គ្រឿងសមុទ្រមុខរោងចក្រស៊ីឃ្លូ នៅខេត្តកំពង់ស្ពឺ ក្នុងពេលនោះរូបខ្លួនបានយកទូរស័ព្ទរបស់ខ្លួនថតជាវីដេអូបង្ហោះក្នុងគណនី TIKTOK របស់ខ្លួន ផ្សព្វផ្សាយលក់គ្រឿងសមុទ្រ ហើយពេលនោះរូបខ្លួន បានថត Zoom ទៅមើលដើមទ្រូងស្ត្រីម្នាក់ ដែលបានអោនទិញគ្រឿងសមុទ្ររបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះ ក្នុងនាមអធិការដ្ឋាននគរបាលស្រុកពញាឮ ក៏សូមអំពាវនាវដល់សាធារណៈជន និងអ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូបន្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី៕






