សូមអនុមោទនាបុណ្យភ្ជុំបិណ្ឌ! ក្រុមគ្រួសារសព លោកឧកញ៉ា ខូវ សម្បត្តិ បរិច្ចាគបច្ច័យបុណ្យជាង ២ម៉ឺនដុល្លារ និង ៤០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសង្គ្រោះជីវិតកុមារ
11-10-2026 16:40
(ភ្នំពេញ)៖ ក្នុងស្មារតីសប្បុរសធម៌ និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមគ្រួសារនៃសពលោកឧកញ៉ា បានសម្រេចនាំយកថវិកាបច្ច័យបុណ្យសរុបចំនួន ២០,៣០០ ដុល្លារអាមេរិក និង ៤០,០០០,០០០ រៀល (សែសិបលានរៀល) ចូលរួមបរិច្ចាគជូនដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោកស្រី សុផាត តារារតនា តំណាងក្រុមគ្រួសារសព (រួមជាមួយ លោក ខូវ កុកសាង និងកញ្ញា ខូវ លីលី) ព្រមទាំងសហការី បាននាំយកថវិកាបច្ច័យបុណ្យខាងលើ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាផ្លូវការ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ដំណើរការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងសមធម៌។
ជាការឆ្លើយតប មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លារបស់ក្រុមគ្រួសារសព ដែលបានចូលរួមបរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ សំដៅធានានិរន្តរភាពនៃការផ្ដល់សេវាសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា។
ក្នុងនាមក្រុមគ្រួសារនៃសព លោកស្រី សុផាត តារារតនា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមឧទ្ទិសកុសលផលបុណ្យ ព្រមទាំងអនុមោទនាបុណ្យភ្ជុំបិណ្ឌ ជូនចំពោះថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព សប្បុរសជន ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលា ថវិកា និងទឹកចិត្តចូលរួមក្នុងពិធីបុណ្យសព និងបុណ្យគម្រប់ ៧ថ្ងៃ របស់ លោកឧកញ៉ា ខូវ សម្បត្តិ។
សូមបុណ្យកុសលដែលកើតចេញពីកាយវិការសប្បុរសធម៌នៃការជួយសង្គ្រោះជីវិតកុមារនេះ បានជ្រួតជ្រាបដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ខូវ សម្បត្តិ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការដល់សប្បុរសជនទាំងអស់ជួបតែសេចក្តីសុខចម្រើនជានិច្ចនិរន្តរ៍៕












