កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់បញ្ជូន ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ ករណីលួចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល
11-10-2026 10:45
(កំពង់ស្ពឺ)៖ ដោយ អនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង មានការសម្របសម្រួលនីតិវិធី ពី ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំង ជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន ធ្វើការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ បញ្ជូន ទៅ សាលាដំបូង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីករណីលួចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
កាលពីពីវេលាម៉ោង២១:០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានចេញល្បាតក្នុងភូមិសាស្រ្តស្រុក សាមគ្គី មុនី ជ័យ រហូតដល់វេលាម៉ោង១៖៤៥នាទី ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចលើទំនប់ចាន់ថ្នាល ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការសង្ស័យលើមុខសញ្ញាដែលជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ក៏បានហៅសាកសួរ និងធ្វើការត្រួតពិនិត្យ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថ ជនសង្ស័យ បានសារភាពថាបក្ខពួករបស់ខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរសព្ទ លួចមាន់ និងលួចស្ពិកឃ័រ ធុងបាស ជាច្រើនលើកនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
ជនសង្ស័យចំនួន៣នាក់រួមមាន៖ ទី១ឈ្មោះ ឃីម មីនា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាដក, ទី២ឈ្មោះ រឹទ្ធ រ៉ន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរលក់បន្លែ និងទី៣ឈ្មោះ នឿន សារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិអូរកុង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា។
ចាប់យកវត្ថុតាងបានរួមមាន៖កែវជក់គ្រឿងញៀនចំនួន០១,ម៉ូតូចំនួន០១គ្រឿង(ម៉ាកHonda Dream ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GU-4560), និងទូរស័ព្ទ ២គ្រឿង (ម៉ាកOPPO០១គ្រឿង និងម៉ាកTICHNO០១គ្រឿង)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបាន បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕








