FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បំភ្លឺជុំវិញការតវ៉ារបស់សាច់ញាតិ និងបញ្ហាប្រឈមក្នុងការព្យាបាល

11-10-2026 09:23

(​ស្ទឹងត្រែង)៖ ករណីមរណភាពរបស់អ្នកជំងឺបុរសម្នាក់ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបង្កឱ្យមានការជជែកវែកញែក និងការព្រួយបារម្ភពីសំណាក់ក្រុមគ្រួសារអ្នកស្លាប់ ពាក់ព័ន្ធនឹងកម្រិតនៃការយកចិត្តទុកដាក់ និងការផ្តល់សេវាសង្គ្រោះ។

ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យបានចេញមុខបំភ្លឺជាផ្លូវការ ដើម្បីបកស្រាយអំពីស្ថានភាពជំងឺពិតប្រាកដ និងបញ្ហាប្រឈមក្នុងការថែទាំ។

​យោងតាមការរៀបរាប់ពីក្រុមគ្រួសារ ស្ត្រីឈ្មោះ ទិន សួន អាយុ ៤២ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្លាប់ឈ្មោះ ទិន ឡៃ អាយុ ៤៦ឆ្នាំ បានរៀបរាប់ថា បងប្រុសរបស់គាត់មានស្រុកកំណើតនៅក្រុងក្រចេះ ខេត្តក្រចេះ និងបានមករស់នៅបណ្តោះអាសន្នភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីប្រកបរបរលក់ដូរ។

លោកស្រីបន្តថា ​មុនពេលចូលសម្រាកព្យាបាល អ្នកជំងឺមានអាការៈក្តៅខ្លួន ក្អក និងឈឺទ្រូង។ ដំបូងឡើយ អ្នកជំងឺមានការស្ទាក់ស្ទើរក្នុងការមកមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពសុខភាពកាន់តែទ្រុឌទ្រោម ទើបសាច់ញាតិសម្រេចចិត្តបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

​សាច់ញាតិអ្នកជំងឺបានលើកឡើងថា ពេលសម្រាកព្យាបាល អាការៈអ្នកជំងឺកាន់តែចុះខ្សោយ មានអាការៈក្តៅខ្លួនខ្លាំង ប្រកាច់ និងក្អួតស្លេះជាបន្តបន្ទាប់។ ពួកគាត់អះអាងថា បានព្យាយាមហៅបុគ្គលិកពេទ្យឱ្យមកពិនិត្យជាច្រើនដង ប៉ុន្តែការឆ្លើយតបមានភាពយឺតយ៉ាវ និងមានការមិនពេញចិត្តចំពោះពាក្យសម្តី ឬអាកប្បកិរិយារបស់បុគ្គលិកពេទ្យមួយចំនួនក្នុងពេលបន្ទាន់នេះ មុនពេលអ្នកជំងឺដាច់ខ្យល់ស្លាប់ បើទោះបីជាមានការខិតខំជួយសង្គ្រោះនៅពេលចុងក្រោយក៏ដោយ។

​ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ហឿ សេធីល ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបំភ្លឺនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះថា អ្នកជំងឺបានចូលសម្រាកព្យាបាលកាលពីម្សិលមិញ (ថ្ងៃទី៩ ខែតុលា) ដោយមានបញ្ហាសុខភាពធ្ងន់ធ្ងរពាក់ព័ន្ធនឹង «ថ្លើម និងសួត» យោងតាមកំណត់ហេតុវេជ្ជសាស្ត្រ។

​លោកប្រធានមន្ទីរពេទ្យបានពន្យល់បន្ថែមពីបញ្ហាប្រឈមក្នុងពេលព្យាបាលថា អ្នកជំងឺមានប្រវត្តិប្រើប្រាស់គ្រឿងស្រវឹងរយៈពេលយូរ ដែលបង្កឱ្យមានអាការៈប្រែប្រួលស្មារតី និងអាកប្បកិរិយាមិនប្រក្រតី ដូចជាវង្វេងវង្វាន់ ដើរចេញក្រៅពេលយប់ និងឧស្សាហ៍ដកខ្សែសេរ៉ូមចេញដោយខ្លួនឯង ដែលជាឧបសគ្គយ៉ាងខ្លាំងដល់ការផ្តល់ថ្នាំ និងការតាមដានរបស់គ្រូពេទ្យ។

លោកបន្តថា ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានព្យាយាមអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះ និងបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែស្ថានភាពជំងឺជ្រៅហួសសមត្ថភាពនឹងជួយសង្គ្រោះទាន់។

​ពាក់ព័ន្ធនឹងការរិះគន់លើការមើលថែទាំ លោកប្រធានបានបញ្ជាក់ថា ក្នុងអំឡុងពេលនោះ មានទាំងភរិយា និងម្តាយបង្កើតរបស់អ្នកជំងឺជាអ្នកមើលថែផ្ទាល់ ដែលគ្រូពេទ្យតែងតែប្រាប់ពីស្ថានភាពជំងឺជាប្រចាំ។

ចំពោះការខ្វែងគំនិត ឬការប៉ះពាល់ពាក្យសម្តីខ្លះ លោកបានទទួលស្គាល់ និងសុំការយោគយល់ ដោយអះអាងថា បុគ្គលិកកំពុងស្ថិតក្រោមសម្ពាធការងារ ប៉ុន្តែក្រុមគ្រូពេទ្យតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការជួយសង្គ្រោះជីវិតមនុស្សជានិច្ច។

​ក្រោយពីមានការបំភ្លឺ និងការសម្របសម្រួលពីភាគីពាក់ព័ន្ធ ភាពតានតឹងត្រូវបានបញ្ចប់ ដោយភាគីក្រុមគ្រួសារបានយល់ព្រមទទួលយកការបកស្រាយ និងសម្រេចចិត្តឱ្យមន្ទីរពេទ្យជួយរៀបចំរថយន្តសង្គ្រោះបន្ទាន់ ដឹកជញ្ជូនសពត្រឡប់ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តក្រចេះវិញ៕