សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣ (Video inside)
11-10-2026 08:29
(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖១៥នាទី ព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យភ្ជំធំនៃប្រពៃណីជាតិខ្មែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣។ ដំណើរបំពេញការងារក្រៅប្រទេសចំថ្ងៃបុណ្យធំនៃប្រពៃណីជាតិរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលនិងគណៈប្រតិភូស្តែងនូវឆន្ទៈក្នុងការបំពេញការងារបម្រើជាតិ ដោយមិនគិតពីពេលវេលានៃការឈប់សម្រាករបស់ជាតិនោះឡើយ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផងនោះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅប្រទេសអាស៊ែបៃហ្សង់ ប្រទេសតួកគីយ៉េ និងប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងបី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ គណៈប្រតិភូអមដំណើរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រួមមាន លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅអាស៊ែបៃហ្សង់។ ក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី នឹងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកដទៃទៀត ក្រោមមូលបទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូបនីយកម្ម និងកំណើនប្រកបដោយចីរភាពនៅអាស៊ី»។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងនឹងជួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសសមាជិក CICA ផ្សេងទៀត ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ និងមានជំនួបជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីយ៉េ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលជាកង្វល់រួម។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នឹងអញ្ជើញបន្តដំណើរទៅទីក្រុង Astana ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកាហ្សាក់ស្ថាន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ នឹងផ្តល់សន្ទុះថ្មីដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា ជាមួយប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។
សូមបញ្ជាក់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសនាពេលនេះ សម្តេចមហាបវរធិបតី ក៏បាននាំយកទៅជាមួយនូវគណៈប្រតិភូផ្នែកធុរកិច្ចរបស់កម្ពុជាពីសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់។
សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច ក៏ដូចជាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយភាគីពាក់ព័ន្ធដទៃទៀត។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងវេទិកាធុរកិច្ចសំខាន់ៗផ្សេងទៀតក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅតួកគីយ៉េ និងកាហ្សាក់ស្ថាន ក្នុងគោលបំណងពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕




























