ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និមន្តនាំយក គ្រឿងឧបភោគបរិភោគ ចែកជូនវីរកងទ័ពនៅសមរភូមិមុខ នៅខេត្តឧត្តរមានជ័យ
10-10-2026 19:42
(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ ដែលពុទ្ធបរិស័ទបានប្រគេនជូនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចែកជូនដល់វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅសមរភូមិមុខច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា សកម្មភាពប្រកបដោយសទ្ធាជ្រះថ្លានេះ មិនត្រឹមតែជាការចែករំលែកម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន សាមគ្គីភាព ការយកចិត្តទុកដាក់ និងការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា គ្រឿងឧបភោគបរិភោគ ដែលពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ គឺកើតចេញពីសទ្ធាជ្រះថ្លា និងទឹកចិត្តបរិសុទ្ធរបស់ប្រជាពុទ្ធបរិស័ទ។ ដូច្នេះ ព្រះអង្គក៏នាំយកម្ហូបអាហារមួយចំណែក ទៅចែកជូនដល់វីរកងទ័ព នៅសមរភូមិមុខ គឺជាការបន្តនូវស្មារតីសប្បុរសធម៌ និងការចែករំលែកក្តីស្រឡាញ់ពីទីអារាម ទៅកាន់អ្នកដែលកំពុងបំពេញភារកិច្ចដើម្បីជាតិមាតុភូមិ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបញ្ជាក់ថា ក្នុងនាមជាព្រះសង្ឃ ព្រះអង្គមិនមានអ្វីជាធំដុំសម្រាប់ជួយដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខនោះទេ ប៉ុន្តែអ្វីដែលព្រះអង្គ អាចធ្វើបាន គឺការចែករំលែកម្ហូបអាហារ និងបច្ច័យតាមលទ្ធភាព ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ នៅសមរភូមិក្រោយតែងតែនឹករឭក យកចិត្តទុកដាក់ និងគាំទ្រវីរកងទ័ពរបស់យើងជានិច្ច៕
















