FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់មន្ត្រីជាន់ខ្ពស់ ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក នៅខេត្ត​សៀមរាប​ ដោយជំរុញឱ្យផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់

10-10-2026 18:17

(​សៀមរាប​​​​)៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល កោតសរសើរពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកស្រុក​ចំនួន៥​នៅក្នុងខេត្ត​សៀមរាប​ និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព។

ការថ្លែងនូវការកោតសរសើរ និងជំរុញបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ​ចុះ​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង៥​ ក្នុង​ខេត​្ត​សៀមរាប​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល​លោក​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល​ និង​លោក​ ព្រឹម​ រដ្ឋា​ អភិបាល​រង​ នៃ​គណៈអភិបាល​ខេត្ត​សៀមរាប​ នៅមន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ នាថ្ងៃទី០៩ ខែ​តុលា​ ឆ្នាំ២០២៦។

ដោយទទួលបានការណែនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន​ ៥​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ។ មន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង​នោះរួម​មាន​ សូត្រ​និគម​ ,​ រុន​តាឯក​ ,​ អង្គរ​ជុំ​ ,​ ពួក​ និង​ក្រឡាញ់​ ចាប់​ពី​ថ្ងៃទី៦​ ដល់​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ២០២៦​ ។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក​មន្ទីរពេទ្យ​ទាំង​អស់​ ដែល​ខិតខំប្រឹងប្រែង​ លះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ​ ទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ បុគ្គល​ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់​ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិន​ត្រូវ​រើសអើង​អ្នក​ជំងឺ​ណា​ម្នាក់​ ជា​ពិសេស​អ្នក​ជំងឺ​ក្រីក្រ​ អ្នក​ជំងឺ​មាន​បណ្ណ​មូល​នីធិ​​សមធម៌​ ងាយ​រង​គ្រោះ​ ងាយ​ហានិភ័យ​ ជន​មាន​ពិការភាព​ និង​អ្នក​ជំងឺ​ ប.ស.ស​ -។ ល។ ហើយ​និង​គិត​គួរ​ពី​សុវត្ថិភាព​អ្នក​ជំងឺ​ជា​ចំបង​។

ឆ្នាំ​នេះ​ ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើងខ្លាំង​ លោក​បណ្ឌិត​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ផ្សព្វផ្សាយ​ អប់រំ​ ដល់​ប្រជាពលរដ្ឋ​ ​ដេីម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​ ដូច​ជា​ការបំបាត់ជម្រកមូសខ្លា គឺត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត, ផ្លាស់ប្តូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះសម្បែង ដោយ កម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជា​ សំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក, កាប់ឆ្ការព្រៃ ស៊ុបទ្រុប ជុំវិញផ្ទះ, ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង។​ ប្រសិនបើពិនិត្យ ឃើញសមាជិកគ្រួសារមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុតជាប្រញាប់ ដោយជៀសវាងដាច់ខាតនូវ ការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតអោយទាន់ពេលវេលា។

លោក​បណ្ឌិត កែរ រដ្ឋា បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ។

លោក​បណ្ឌិត​ កែរ​ រដ្ឋា​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ឆ្នាំ២០២៥កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​អភិវឌ្ឍ​មន្ទីរពេទ្យ​ចំនួន​៦១​ កំរិត​១​ និង​កំរិត​២​ អោយ​មាន​សមត្ថភាព​ផ្នែក​វះកាត់​ សង្គ្រោះ​បន្ទាន់​ សង្រ្គោះ​ទារក​ និង​ថែទាំ​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ ដេីម្បី​កាត់​បន្ថយ​ការ​បញ្ជូន​ទៅមន្ទីរពេទ្យ​ថ្នាក់​ជាតិ​ កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​​៕